រឿងតុក្កតាចិន “ទេវបុត្រណាចាវគ្គ២” រកចំណូលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ
ប៉េកាំង ៖ ខ្សែភាពយន្តគំនូរជីវចលចិន “ទេវបុត្រណាចាវគ្គ២” ឬ Ne Zha 2 ក្លាយជាភាពយន្តគំនូរជីវចលរកចំណូលខ្ពស់បំផុតទី ៥ ក្នុងប្រវត្តិសាស្ត្រពិភពលោក ដល់ជាង ២.១៣ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ វ៉ាដាច់រឿងតុក្កតាហូលីវូដមួយចំនួន។
ដោយសារភាពល្បីរន្ទឺនៃរឿងតុក្កតាចិននេះ ក្រុមហ៊ុន Gower Street Analytics បានបង្កើនការព្យាករណ៍ Box Office ពិភពលោកឆ្នាំ ២០២៥ ដល់ ៣៤.១ ពាន់លានដុល្លារ កើនលើសការព្យាករណ៍ដំបូងនៅខែធ្នូ មានត្រឹម ៣៣ ពាន់លានដុល្លារ។
យោងតាមរបាយការណ៍ពីប្រភពដែលអាចទុកចិត្តបាន ដូចជា Variety និង The New York Times បានឲ្យដឹងថា រឿងតុក្កតា “ទេវបុត្រណាចាវគ្គ២” ចំណាយលុយផលិតត្រឹមតែ ៨០ លានដុល្លារប៉ុណ្ណោះ។ ថ្វីត្បិតចាយដើមទុនតិច តែវាអាចវ៉ាដាច់ខ្សែភាពយន្តគំនូរជីវចលធំៗរបស់ហូលីវូដដូចជា Inside Out 2 ដែលចំណាយថវិកាដល់ទៅ ២០០លានដុល្លារ។
ការផលិតរឿងតុក្កតា “ទេវបុត្រណាចាវគ្គ២” បានចំណាយពេលដល់ទៅ ៥ ឆ្នាំ ដោយមានការចូលរួមពីអ្នកផលិតជាង ៤,០០០ នាក់ មកពីក្រុមហ៊ុនគំនូរជីវចលចំនួន ១៣៨។ តួលេខនេះកើនឡើងទ្វេដង បើធៀបនឹងភាពយន្ត “ទេវបុត្រណាចាវគ្គ១” ក្នុងឆ្នាំ ២០១៩ ដែលមានអ្នកផលិតត្រឹម ១,៦០០ នាក់។
រឿងតុក្កតានេះទៀតសោត ចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដោយវាបានបំបែកឯកត្តកម្មជាច្រើន និងបានបង្ហាញពីភាពជោគជ័យដ៏អស្ចារ្យរបស់ឧស្សាហកម្មភាពយន្តចិន៕
ប្រភព ៖ The New York Times ប្រែសម្រួល ៖ ឈឹម ទីណា