ក្រសួងប្រៃសណីយ៍ ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាល​ឌីជី​ថល និងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាចំនួន ៧ក្រុមហ៊ុន ចូលរួម​ក្នុងកម្មវិធី Lao Digital Week 2025 នៅប្រទេសឡាវ

(ប្រទេសឡាវ)៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២ ខែ​មេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ ក.ប.ទ. គណៈកម្មា​ធិការរដ្ឋាភិបាលឌីជីថល និងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាចំនួន ៧ក្រុមហ៊ុនរួមមាន ក្រុមហ៊ុន Vireak Buntham (VET Digital), CheckInME, PillTech, DelightTech, Morakot Technology, UDAYA Technology និង VTENH ចូលរួមក្នុងកម្មវិធី Lao Digital Week 2025 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Thongloun Sisoulith ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ដោយមានការអញ្ជើញចូលរួមពី ឧបនា​យក​រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថល (ថៃ) អភិបាលខេត្តក្វាងស៊ី (ចិន) និងតំណាងប្រតិភូរបស់ប្រទេស​វៀតណាម ព្រមទាំងថ្នាក់ដឹនាំ មន្ត្រីរាជការ នៃក្រសួងបច្ចេក​វិទ្យានិងគមនាគមន៍ឡាវ (MTC)។

ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមរដ្ឋមន្រ្តី MTC ក៏បាន​អញ្ជើញ​ទស្សនាស្ដង់របស់ ក.ប.ទ. ដោយបានបង្ហាញ​អំពី​ផលិតផល ថ្នាល និងសេវាឌីជីថលល្អៗរបស់កម្ពុជាយើង។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី MTC បានសម្ដែងការគាំទ្រ និងជួយណែនាំក្រុមហ៊ុននៅក្នុងប្រទេសឡាវសហការ និង​ធ្វើជាដៃគូរជាមួយក្រុមហ៊ុននៅកម្ពុជា ព្រមទាំងសម្ដែង​នូវការ​កោតសរសើរថ្នាលឌីជីថលនានារបស់កម្ពុជាដែលមានការរីកចម្រើន និងមានការវិវត្តយ៉ាងឆាប់រហ័ស។ បន្ថែមពីនេះ ក្រសួង​ទាំង២ នឹងបន្តកិច្ចសហប្រតិបត្តិការ​យ៉ាងជិត​ស្និទ្ធ​ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងតំបន់ និងការគាំទ្រ​យ៉ាងមុតមាំក្នុងការពង្រឹងភាពជាដៃគូ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner