ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារមួយខ្នង និងសមិទ្ធផលនានា ក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
(កំពង់ចាម)៖ អគារមួយខ្នងកម្ពស់ ២ជាន់ ទំហំ២៤ គុណ ១០ ម៉ែត្រ មាន ១៤បន្ទប់ រួមជាមួយ សមិទ្ធផលនានា ដែលជាអំណោយផ្តល់ជូនដោយក្រសួងមហាផ្ទៃ និងសប្បុរសជននានា នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៥ ។
ខណៈអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធសមិទ្ធផលនានា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យអាជ្ញាធរខេត្ត អភិបាលក្រុង-ស្រុក ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម និងអធិការ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ពិសេស ជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅពេលពួកគាត់ធ្វើដំណើរត្រលប់មកលេងស្រុកកំណើត ធ្វើយ៉ាងណា កុំឲ្យមានការកកស្ទះ ហើយរួមគ្នាទប់ស្កាត់កុំឲ្យបងប្អូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ មានគ្រោះថ្នាក់ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។
ឯកឧត្តមអភិសន្តិបណ្ឌិត បន្តថា ចំពោះការ ការពារ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពកងកម្លាំងនគរបាល ខេត្ត-ក្រុង-ស្រុក ត្រូវបង្កើនកិច្ចសហការក្នុងការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញ ដើរទន្ទឹមនឹងការខិតខំជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើក ឡើងថា កន្លងមកតាមរយៈការគាំទ្រ និងជំរុញការផ្សព្វផ្សាយការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានចំនួន ២១.០៦៧លើក មានប្រជាពលរដ្ឋចូលរួម ១.១៨៤.៧២០ ដងនាក់។ ជាមួយគ្នានេះ វេទិកាសាធារណៈផ្សាភ្ជាប់រវាងនគរបាល ជាមួយប្រជាពលរដ្ឋដើម្បីទទួល យកសំណូមពរ និងដំណោះស្រាយ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ បានចំនួន ១៣.៣៩៤ លើក មានប្រជាពលរដ្ឋចូលរួម ៤៣០.៥៦១នាក់។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង សមត្ថកិច្ចបានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ៕
លី ពៅ








