ចិនហាត់សមបាញ់គ្រាប់ពិតចម្ងាយឆ្ងាយនៅសមុទ្រចិនខាងកើត កម្លាកោះតៃវ៉ាន់
ប៉េកាំង ៖ យោធាចិន នៅថ្ងៃពុធនេះ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយនៅសមុទ្រចិនខាងកើត ដែលនេះជាការបង្កើនកម្លាំងសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ ដោយបានបោះសម្តីថា ខ្លួនកំពុងអនុវត្តការវាយក្រសោបយកកំពង់ផែ និងមូលដ្ឋានថាមពល ប៉ុន្តែមិនប្រាប់ព័ត៌មានលម្អិតពីទីតាំងពិតប្រាកដទេ។
បញ្ជាការភាគខាងកើតរបស់ចិននិយាយថា សមយុទ្ធបាញ់គ្រាប់ពិតនេះ ជាផ្នែកមួយនៃសមយុទ្ធ Strait Thunder-2025A ឬ “រន្ទះច្រកសមុទ្រ ២០២៥” ហើយកងកម្លាំងជើងគោកចិនបានហ្វឹកហាត់បាញ់គ្រាប់ពិតចម្ងាយឆ្ងាយ ចូលទៅក្នុងដែនទឹកនៃសមុទ្រចិនខាងកើត តែមិនបានផ្តល់ទីតាំងច្បាស់លាស់ទេ។
សមយុទ្ធនេះពាក់ព័ន្ធនឹងការវាយលុកជាក់លាក់លើគោលដៅនិមិ្មតនៃកំពង់ផែសំខាន់ៗ និងមូលដ្ឋានថាមពល ហើយសម្រេចបាននូវលទ្ធផលដែលចង់បាន។ ជាមួយគ្នានេះ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រចិន បានប្រកាសបិទតំបន់ដឹកជញ្ជូន ដោយសារតែសមយុទ្ធយោធានេះនឹងបន្តរហូតដល់យប់ថ្ងៃព្រហស្បតិ៍ស្អែកនេះ នៅក្នុងតំបន់មួយនៅភាគខាងជើងខេត្ត Zhejiang ដែលមានចម្ងាយជាង ៥០០ គីឡូម៉ែត្រពីកោះតៃវ៉ាន់។
សមយុទ្ធបាញ់គ្រាប់ពិតនេះធ្វើឡើងបន្ទាប់ពីកំណើនវោហាសាស្ត្ររបស់ចិនរិះគន់មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ដែលទីក្រុងប៉េកាំងហៅថា «ប៉ារ៉ាស៊ីត» កាលពីថ្ងៃអង្គារ ហើយក៏កើតឡើងស្របពេលការបំពេញទស្សនកិច្ចនៅអាស៊ីរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth អំឡុងពេលដែលលោកបានរិះគន់ទីក្រុងប៉េកាំងម្តងហើយម្តងទៀត៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

