លោក Trump ចាប់ផ្តើមកាត់បុគ្គលិកសុខាភិបាល ១ ម៉ឺននាក់នៅសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ចាប់ផ្តើមរំសាយបុគ្គលិកចំនួន ១០.០០០ នាក់ នៅទីភ្នាក់ងារសុខាភិបាលអាមេរិក ដោយកងសន្តិសុខបានរារាំងមិនឱ្យបុគ្គលិកមួយចំនួនចូលធ្វើការ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីពួកគេទទួលបានការជូនដំណឹងអំពីការបញ្ឈប់បុគ្គលិក។ នេះបើយោងតាមប្រភពជាច្រើនដែលដឹងអំពីស្ថានភាពនេះ។
ការរំសាយបុគ្គលិកនេះបានប៉ះពាល់ដល់ទីភ្នាក់ងារធំៗជាច្រើន ស្ថិតនៅក្រោមក្រសួងសុខាភិបាល និងប្រជាសេវា ក្នុងនោះរួមមានរដ្ឋបាលចំណីអាហារ និងឱសថ (FDA), មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) និងវិទ្យាស្ថានជាតិសុខាភិបាល ដែលនេះជាផ្នែកនៃផែនការដ៏ទូលំទូលាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និង សម្ព័ន្ធមិត្តមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Robert F Kennedy Jr បានពណ៌នាការរំសាយបុគ្គលិកនេះថា ជាជំហានសំខាន់សម្រួលដល់ការចំណាយរបស់ការិយាធិបតេយ្យដែលកំពុងស្ទុះឡើង។ ការរំសាយបុគ្គលិកនេះទៀតសោត បានរួមបញ្ចូលទាំងការបណ្ដេញអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ទទួលបន្ទុកសុខភាពសាធារណៈ, ការស្រាវជ្រាវជំងឺមហារីក និងការអនុម័តវ៉ាក់សាំង និងឱសថ ដែលបង្កើនការព្រួយបារម្ភអំពីរបៀបដែលសហរដ្ឋអាមេរិកនឹងឆ្លើយតបទៅនឹងស្ថានភាពគ្រាអាសន្នផ្នែកសុខភាព ដូចជាការផ្ទុះឡើងជំងឺកញ្ជ្រឹលដែលនៅតែបន្ត និងការរាលដាលជំងឺផ្តាសាយបក្សី។
រដ្ឋបាលលោកប្រធានាធិបតី ត្រាំ បានបង្ហាញផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏សំខាន់មួយ សម្រាប់ក្រសួងសុខាភិបាល និងសេវាមនុស្ស ដែលមានបំណងកាត់បន្ថយបុគ្គលិកចំនួន ២០.០០០ នាក់ ឬជិត ២៥% នៃបុគ្គលិកទាំងអស់។ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលអាមេរិក បានឱ្យដឹងថា ការកាត់បន្ថយនេះនឹងត្រូវបានអនុវត្តជាពីរដំណាក់កាល។
ដំណាក់កាលដំបូងនឹងមានបុគ្គលិក ១០.០០០ នាក់ចាកចេញតាមរយៈការស្ម័គ្រចិត្ត និងការចូលនិវត្តន៍មុនកាលកំណត់។ ដំណាក់កាលទីពីរ នឹងពាក់ព័ន្ធនឹងការបញ្ឈប់បុគ្គលិក ១០.០០០ នាក់ផ្សេងទៀត តាមរយៈការកាត់បន្ថយកម្លាំង ដែលនាំឲ្យចំនួនបុគ្គលិកសុខាភិបាលសរុបពីប្រមាណ ៨២.០០០ នាក់ នៅសល់ត្រឹម ៦២.០០០ នាក់។ ការរៀបចំរចនាសម្ព័ន្ធនេះ ត្រូវបានរំពឹងថា នឹងសន្សំប្រាក់ប្រមាណ ១,៨ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

