ស្ទឹងត្រែងសង្ក្រាន្ត២០២៥ នឹងចូលខ្លួនមកបំបែកកំណត់ត្រាល្បែងទាញព្រ័ត្រ ប្រវែង ២០០ម៉ែត្រ អបអរឆ្នាំថ្មី ប្រពៃណីជាតិ ដែលមិនធ្លាប់មានទេពីមុនមក
(ខេត្តស្ទឹងត្រែង)៖ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ១ពាន់ ១១៣នាក់ មកពីវិទ្យាល័យពីរក្នុងខេត្តស្ទឹងត្រែង បានចូលរួមដង្ហែព្រ័ត្រក្នុងទម្ងន់ ៣០០គីឡូក្រាម និងមានប្រវែង ២០០ម៉ែត្រ ទាញសាកល្បង និងនាំយកទៅតម្កល់ទុកនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១ មេសា ២០២៥។
ស្ទឹងត្រែងសង្ក្រាន្ត ឆ្នាំ២០២៥ នឹងចូលខ្លួនមកបំបែកកំណត់ត្រា ល្បែងប្រជាប្រិយខ្មែរ “ល្បែងទាញព្រ័ត្រ” ប្រវែង ២០០ម៉ែត្រ មានទម្ងន់ ៣០០គីឡូក្រាម ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ (១៤-១៥-១៦មេសា២០២៥) ដោយរំពឹងថា នឹងមានអ្នកចូលរួមទាញព្រ័ត្រយ៉ាងច្រើនកុះករ មកពីគ្រប់ស្ថាប័នរដ្ឋ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីគ្រប់ទិសទី នឹងចូលខ្លួនមកបំបែកកំណត់ត្រាទាញព្រ័ត្រ ដែលជាល្បែងប្រជាប្រិយខ្មែរ មានតាំងពីយូរលង់មកហើយ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ។
ក្រៅពីនេះ ក៏នៅមានល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទទៀត ដែលលើកយកលេងកម្សាន្ត នៅលើ ”វេទិកានាគជ័យ នៃទីលានតេជោសន្តិភាព” ខាងមុខសាលាខេត្ត ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា និងមានការយកចិត្តទុកដាក់រៀបចំ ចាត់ចែងពី លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលខេត្តស្ទឹងត្រែង ផងដែរ ។
អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា មានប្រសាសន៍ថា រដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍ស្ទឹងត្រែងសង្រ្កាន្ត ឆ្នាំ២០២៥ ឱ្យមានភាពអធិកអធម ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដោយក្នុងនោះ មានរៀបចំល្បែងប្រជាប្រិយទាញព្រ័ត្រមហិមាប្រវែង ២០០ម៉ែត្រ និងមានកម្មវិធីកម្សាន្តជាច្រើនទៀត ផងដែរ ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង និងជាប្រធានអនុគណៈកម្មការព្រ័ត្រមហិមា លោក ហ៊ាង ប៉ូលី បានឱ្យដឹងថា ក្រុមការងារបានធ្វើពិធីដង្ហែព្រ័ត្រ ដែលជាល្បែងប្រជាប្រិយខ្មែរ មានប្រវែង ២០០ម៉ែត្រ និងមានទម្ងន់ ៣០០គីឡូក្រាម និងបានសាកល្បងទាញព្រ័ត្រលើកទី១ ហើយព្រ័ត្រនេះសម្រាប់លេងកម្សាន្តរយៈពេល ៣ថ្ងៃ ក្នុងព្រឹត្តិការណ៍ស្ទឹងត្រែងសង្ក្រាន្ត (១៤-១៦មេសា២០២៥) ហើយព្រ័ត្រត្រូវបានដង្ហែរយកទៅតម្កល់ទុក នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ។
លោក ហ៊ាង ប៉ូលី បានឱ្យដឹងទៀតថា ការទាញព្រ័ត្រសាកល្បងលើកទី១ នៅថ្ងៃទី១ មេសានេះ មានការចូលរួមពីសំណាក់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ១ពាន់ ១១៣នាក់ មកពីអនុវិទ្យាល័យព្រះរាជបូជនីយកិច្ច និងវិទ្យាល័យហ៊ុន សែន ស្ទឹងត្រែង។
គួរបញ្ជាក់ថា ល្បែងទាញព្រ័ត្រ គឺជាល្បែងលេងកម្សាន្តសប្បាយរបស់ យុវជនខ្មែរទាំងបុរស ទាំងស្រ្ដី កំលោះ និងក្រមុំ។ ល្បែងទាញព្រ័ត្រ គេលេងដោយប្រើកម្លាំងកាយ និងលេងនៅក្នុងរដូវចូលឆ្នាំខ្មែរ គឺនៅក្នុងខែចេត្រ និងខែពិសាខ។ ល្បែងទាញព្រ័ត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងមក៕
ដោយ៖ឡុង សំបូរ








