ពលករខ្មែរនៅប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតជាបណ្តើរៗ ដើម្បីត្រៀម ចូលរួមបុណ្យចូលឆ្នាំថ្មី

បាត់ដំបង៖នៅច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបង ជាការកត់​សម្គាល់​ចាប់តាំងពីដើមខែមេសាមក ប្រជា​ពលរដ្ឋ ជា​ពលករ​ខ្មែរធ្វើការ​នៅប្រទេស​ថៃបានចាប់​ផ្តើម​នាំ​​គ្នាធ្វើដំណើរវិលត្រឡប់មកកាន់​​ស្រុកកំណើត​រ​ជា​បណ្តើរៗ ខណៈច្រកដទៃទៀត ដែលមានព្រំដែនជាប់ជាមួយ​ប្រទេស​ថៃ ក៏បាន​សភាព​ស្រដៀងៗគ្នានេះដែរ គ្រាន់តែ​មាន​ចំនួនតិច ឬច្រើនប៉ុណ្ណោះ ។

សមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់​ដំបងបានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ​២០២៥មក វត្តមាន​ពលករខ្មែរ​ដែលចេញទៅធ្វើការនៅប្រទេសថៃបានវិលត្រឡប់ចូលមកកម្ពុជាវិញជាបន្តបន្ទាប់​ខុសប្លែកពីថ្ងៃធម្មតា​ ។លំហូរពលករវិលត្រលប់មិនខុសពីបណ្ដាឆ្នាំមុនដែរ គឺនៅ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជិតមកដល់ ពលករខ្មែរតែងតែធ្វើ​ដំណើរវិលមកស្រុកកំណើតវិញដើម្បីជួបជុំសាច់ញាតិដើម្បីប្រារព្ធចូលឆ្នាំថ្មី។

នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ដដែលគ្រាន់តែរយៈពេលពីរថ្ងៃពីថ្ងៃទី១ និងទី២ ខែមេសា មានពលករខ្មែរជិត៥ពាន់​នាក់បានធ្វើដំណើរចូលតាមច្រកនេះ ស្របគ្នា​ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ អំឡុងពេល​បុណ្យ​ចូលឆ្នាំថ្មី ដែលបានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសារហូតដល់ថ្ងៃទី១៥ ខែឧសភា ។

តាមរយៈនៃការវិលត្រឡប់មកកាន់ស្រុកកំណើតវិញរបស់បងប្អូនពលករប្រកបដោយ​ទឹកមុខ​សប្បាយរីករាយស្រស់ស្រាយ ចំពោះការគិតគូររបស់រាជរដ្ឋា​ភិបាលដល់សុខទុក្ខរបស់បងប្អូនជាពលករចំណាកស្រុក។ទន្ទឹមនេះសមត្ថកិច្ច​ប្រចាំច្រក​ព្រំដែន​​ទាំងភាគីថៃ និងកម្ពុជា បានបង្កលក្ខណៈងាយស្រួលក្នុង​ការផ្តល់សេវាលឿនរហ័ស ។ពិសេសការរៀបចំ​សណ្តាប់​ធ្នាប់។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់នៅថ្ងៃទី១៤ ខែមេសា ខាងមុខ។ខេត្តបាត់ដំបង មានច្រកអន្តរជាតិមួយ​ទៀត​គឺច្រកភ្នំដី ។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ បានឯកភាព​តាម​សំណើរបស់ក្រសួងការងារថៃ ពីការលើក​លែង​តម្លៃសេវា ការអនុញ្ញាត​(ចេញ-ចូល) ប្រទេសថៃ(Re-Entry Permit)ដល់ពលករខ្មែរ ឡាវ និង ភូមា ក្នុងអំឡុង​ពេល​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ខែមេសា ដល់ថ្ងៃ​ទី១៥ខែឧសភា ឆ្នាំ២០២៥។

ការលើកលែងតម្លៃសេវានេះគឺផ្ដល់ជូនតែមួយដង​គត់ ដល់ពលករ​ខ្មែរដែលមានលិខិតឆ្លងដែន/លិខិតធ្វើដំណើរ ពលករ​កម្ពុជា ទៅធ្វើការនៅ​បរទេស (TD) និងមានទិដ្ឋាការ ការងារ(Non-Immigration L-A_Visa) ដែលមានសុពលភាព​លើសពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ការលើកលែង​នេះបូករួមទាំងកូនអាយុក្រោម១៨ឆ្នាំ ដែលទទួលបានការ​វាយ​ត្រាប្រភេទ​អ្នកក្នុង​បន្ទុក​និងមានលិខិតអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃលើសពីថ្ងៃទី១៥ ខែឧសភា​ឆ្នាំ២០២៥ ពលករខ្មែរធ្វើការប្រទេសថៃមានចំនួនជាច្រើនម៉ឺននាក់៕
អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប.

ads banner