សហគមន៍នេសាទអេកូទេសចរណ៍ផាត់សណ្ដាយ ស្ថិតក្នុង ឃុំផាត់សណ្ដាយចែករំលែកបទពិសោធន៍ដល់សិក្ខាមមកពី២៥ រាជធានី ខេត្ត
កំពង់ធំ៖រយៈពេលពេញមួយថ្ងៃសហគមន៍នេសាទអេកូទេសចរណ៍ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីពេលថ្មីនេះបានរៀបចំសិក្ខាសាលាស្ដីពីការចែករំលែកបទពិសោធន៍ក្នុងសហគមន៍ទេសចរណ៍ស្របតាមស្តង់ដារសហគមន៍ទេសចរណ៍អាស៊ានក្របខ័ណ្ឌបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានលេខាធិ ការដ្ឋាន(គ.ជ.អ.អ) លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT)និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលបណ្ដាញអេកូទេសចរណ៍បឹង ទន្លេសាប។សិក្ខាសាលានេះមានប្រតិភូជាប្រធាន អនុប្រធានមន្ទីរទេសចរណ៍ទូទាំង២៥ រាជធានី-ខេត្តចូលរួម។
ក្រោមការជួយជ្រោមជ្រែងពីមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ,រដ្ឋបាលខេត្ត និងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT)បានរៀបចំបង្កើតសហគមន៍នេសាទអេកូទេសចរណ៍ផាត់សណ្ដាយនេះឡើងចាប់តាំងពីឆ្នាំ២០១៩ និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិកាន់តែច្រើនឡើងៗចូលមកទស្សនានិងស្នាក់នៅលម្ហែ។ភ្ញៀវអាចជិះកាណូត ទស្សនាព្រៃលិច,ទស្សនា មេពូជត្រីធំៗដែលត្រូវបានអភិរក្សសម្រាប់ភ្ញៀវមើលកំសាន្ត។
សហគមន៍នេសាទអេកូទេសចរណ៍ក្នុងតំបន់ផាត់សណ្តាយបានរៀបចំផ្ទះស្នាក់ សេវាដឹកជញ្ជូនភ្ញៀវកំសាន្តសេវាម្ហូបអាហារ ផលិតផលត្រីឆ្អើរ ផ្អក ប្រហុក ដែលមានរសជាតិឆ្ងាញ់ ផលិតផលវត្ថុអនុស្សាវរីយធ្វើពីកំប្លោក ។ពិសេសជាងនេះគឺសន្តិសុខ សុវត្ថិភាពល្អ។
លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT)និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាបបានលើកឡើងថា នេះជាមោទនភាពថ្មីមួយទៀតដែលFACTបានចូលមកជួយនៅក្នុងឃុំផាត់សណ្ដាយនេះ ពិសេសការចូលរួមជ្រោមជ្រែងពីក្រសួងទេសចរណ៍ពិសេស លោកបណ្ឌិត ជុក ជំនោរ ដែលជាអ្នកដឹកនាំក្រុមការងារបច្ចេកទេសនៅក្នុងមូលដ្ឋាន និងរួមសហការជាមួយមន្ទីរទេស ចរណ៍ខេត្តកំពង់ធំ ចូលរួមជួយជំរុញលើជំនាញបច្ចេកទេសសេវាកម្មអេកូទេសចរណ៍នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ។
ដោយឡែកដំណើរទស្សនកិច្ចសិក្សារៀនសូត្ររបស់ប្រធាន អនុប្រធានមន្ទីរជុំវិញរាជធានី-ខេត្ត ទូទាំងប្រទេសនេះ ក៏ជាសកម្មភាពការងារមួយស្ថិតនៅក្រោមក្របខ័ណ្ឌបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាបហៅកាត់ថា (TEN) ដែលគណៈកម្មការជាតិរួមជាមួយនឹងក្រសួងទេសចរណ៍ សហការជាមួយអង្គការ(FACT)ដោយបានសហការគ្នាបង្កើតឡើងនៅចុងឆ្នាំ២០២២ក៏បានទទួលនូវសេចក្តីសម្រេចក៏ដូចជាសេចក្តីប្រកាសនៅក្នុងការបង្កើតបណ្ដាញនេះជាផ្លូវការដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជាប្រធានគណៈកម្មការជាតិផងដែរ។
ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានលេខាធិការដ្ឋាន(គ.ជ.អ.អ.)បានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង អភិវឌ្ឍន៍សហគមន៍អេកូ ទេសចរណ៍ សហការជាមួយនឹងអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផលរួមជាមួយនឹងមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរៀបចំជាសិក្ខាសាលាស្ដីពីការចែករំលែកបទពិសោធន៍នៅក្នុងការរៀបចំសហគមន៍ស្របទៅតាមស្តង់ដាសហគមន៍ទេសចរណ៍អាស៊ានដោយយកនូវបទពិសោធន៍ក្នុងការអភិវឌ្ឍល្អៗដូចជាជោគជ័យនៃសហគមន៍នេសាទអេកូទេសចរណ៍ផាត់សណ្ដាយដើម្បី ជំរាបជូនទៅដល់ក្រុមការងារមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្តដើម្បីអនុវត្ត៕
ដោយ៖សុខ គឹមសៀន