រដ្ឋមន្ត្រីការងារ ចាត់ទុកបញ្ជាការដ្ឋានអង្គរក្ស ជាកម្លាំងស្នូល នៃ ខ.ភ.ម ដែលបានរួមចំណែក ក្នុងកិច្ចការពារសុវត្ថិភាព​ថ្នាក់ដឹកនាំ

(កណ្ដាល)៖ រដ្ឋមន្ត្រីក្រសួងការ បានចាត់ទុកបញ្ជាការដ្ឋាន​អង្គរក្ស គឺជាកម្លាំងស្នូល នៃ កងយោធពលខេមរភូមិន្ទ ដែល​បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការការពារសុវត្ថិ​ភាព សន្តិសុខរបស់ថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តម ហេង សួរ បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញសំ​ណេះ​សំណាល ជាមួយនាយទាហាន នាយទាហានរង និង​ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី០៣ ខែ​មេសា ឆ្នាំ២០២៥ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ នាយឧត្តសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការរងនៃ ខ.ភ.ម នាយករងខុទ្ធកាល័យ សម្តេច​ធិប​តី​នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។

ឧត្តមសេនីយ៍ទោ អុិត ឋាន់រ័ត្ន អ្នកនាំពាក្យ បញ្ជាការដ្ឋានអង្គរក្ស បានធ្វើរបាយការណ៍ស្វាគមន៍ថា កម្លាំងអន្តរាគមន៍ពិសេស ចល័តយ៉ាងឆាប់រហ័ស តាមបទបញ្ជារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយបានសហការ យ៉ាងស្អិតរមួត ជាមួយកងកម្លាំងអង្គភាពចំណុះ អគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ កងនគរបាលជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបានចូលរួមចំណែកការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារស្ថិរភាព សន្តិសុខសង្គម ការពារភ្ញៀវជាតិ អន្តរជាតិ ដែលបានមកបំពេញបេសកកម្ម នៅកម្ពុជា និងការពារប្រជាពលរដ្ឋ ប្រកបដោយសុខសន្តិភាព ។

ក្រៅពីការងារស្នូល នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានប្រើប្រាស់កម្លាំងធ្វើជាសេនាធិការ ជូនកាកបាទ​ក្រហម​កម្ពុជា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង​បរិស្ថាន ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមការងារ​ជួយ​សង្គ្រោះប្រជាពលរដ្ឋ ដូចជា ជីក-ស្តារប្រឡាយ ដក​ស្ទូង សង្គ្រោះគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗ និងបានត្រៀមកម្លាំងប្រមាណ​២ពាន់ សម្រាប់អន្តរាគមន៍ទប់ស្កាត់បាតុកម្ម និងកូដកម្ម នៅគ្រប់មុខសញ្ញា និងគ្រប់ពេលទាំងអស់ ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ 

កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានប្រកាន់ខ្ជាប់ នូវអភិក្រមទាំង ៣ របស់បញ្ជាការដ្ឋានអង្គរក្ស គឺស្មោះត្រង់ ការពារ និងបម្រើ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឲ្យបាន ១០០% ហើយប្តេជ្ញាគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាអាណត្តិបន្តបន្ទាប់ទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃនានា​របស់​នាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែល​ជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងមានការលះ​បង់​ខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ចប្រកប​ដោយ​ភាព​ស្មោះ​ត្រង់ បម្រើ ការពារប្តូរផ្តាច់ លើការការពារសុវត្ថិភាព សន្តិ​សុខជូនប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកិច្ចការ​ពារ​បូរណភាពទឹកដី ព្រមទាំងកិច្ចការសង្គម ជាច្រើនទៀត។

ដោយសេចក្តីគោរព ស្រឡាញ់ និងដឹងគុណ, ឯកឧត្តម ហេង សួរ បានប្រកាសចងសម្ព័ន្ធមេត្រីភាព ជាមួយ​បញ្ជា​ការដ្ឋានអង្គរក្ស ជាមួយនឹង ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ទោះបីជាក្រសួង បានចងសម្ព័ន្ធមេត្រីភាព ជាមួយនឹងកងពលតូចថ្មើរជើងលេខ៥៧ រួចហើយក៏​ដោយ​នោះ ។

ឯកឧត្តម ហេង សួរ ក៏បានផ្ដល់អំណោយឧបត្ថម្ភ ដល់បញ្ជា​ការដ្ឋានអង្គរក្ស មានភេសជ្ជៈស្រាបៀរ, មី, អង្ករ ៤០តោន, ទឹកស៊ីអ៊ីវ, ទឹកត្រី, ត្រីខ, ថវិកា និងទូរស័ព្ទដៃម៉ាកសាំសុង ចំនួន ១០០គ្រឿងផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner