សហភាពសហគមន៍បន្ថែសុវត្ថិភាពកម្ពុជា បង្ហាញពីលទ្ធផលនិងវឌ្ឍនភាពសហគមន៍របស់ខ្លួនក្នុងឆ្នាំ២០២៤ កន្លងទៅ
(ខេត្តបាត់ដំបង)៖ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា កន្លងមក បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីផ្សារ និងការជំរុញគាំទ្រនូវសកម្មភាពមួយចំនួនជូនដល់សមាជិក របស់ខ្លួន ។
សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា មានយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ឆ្នាំ២០២៥ និងដើម្បីពង្រឹងការអនុវត្តន៍នូវលំហូរការងារ និង ការអភិវឌ្ឍន៍ នូវជំនាញបច្ចេកទេសដល់បុគ្គលិក និងសមាជិក ដើម្បីធ្វើការបញ្ជ្រាបការយល់ដឹងបន្ថែមអំពីស្តង់ដារ និងពីតម្រូវការចាំបាច់ជូនដល់កសិករ ដើម្បីពង្រឹងនូវគុណភាពក្រោយប្រមូលផល និងកាត់បន្ថយនូវថ្លៃដើម។ ពិសេសលើការកែច្នៃផលិតផលរបស់បងប្អូនសមាជិក ដើម្បីឱ្យមានតម្លៃបន្ថែម និងកសាងភាពជាដៃគូរពាណិជ្ជកម្មក្នុងស្រុក និងក្រៅស្រុក។
នេះគឺជាការលើកឡើងរបស់ លោក ជួ មករា ប្រធានក្រុមប្រឹក្សាភិបាល នៃ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា ក្នុងមហាសន្និបាតប្រចាំឆ្នាំ ដើម្បីធ្វើការបូកសរុបនូវលទ្ធផល ដែលសម្រេចបាន នៅក្នុងឆ្នាំ២០២៣-២០២៤កន្លងមក និងរៀបចំនូវផែនការអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៥ របស់ សហភាពសហគមន៍បន្ថែសុវត្ថិភាពកម្ពុជា កាលពីសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារខេមរា បាត់ដំបង១ ក្រុងបាត់ដំបង ។
លោកឧកញ៉ា ហង្ស សុគុណ ប្រធានសម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា បានកោតសរសើរដល់សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា ដែលបានខិតខំជំរុញ ក្នុងការពង្រឹងដល់សង្វាក់ផលិតកម្មរបស់ខ្លួន ផ្សារភ្ជាប់ទៅនឹងទីផ្សារ។ លោកឧកញ៉ា ក៏បានណែនាំនិងបានបង្ហាញអំពីយុទ្ធសាស្ត្រគាំទ្រដល់សហគមន៍ និងខិតខំស្វះស្វែងរកដៃគូបន្ថែមទៀតក្នុងការគាំទ្រសកម្មភាព និងដើម្បីពង្រឹងសមត្ថភាពជូនដល់សហគមន៍កសិកម្មទូទាំងប្រទេស ជាពិសេស សហភាពសហគមន៍កសិកម្មបន្លែសុវត្ថភាពកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ និងមាននិរន្តរភាព ក្នុងការពង្រីកទីផ្សារ ថែមទៀត។
លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បានគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពរបស់សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជានូវក្នុងការខិតខំពង្រឹងគុណភាព និងជំរុញការផលិតក្នុងសង្វាក់ផលិតកម្មបន្លែសុវត្ថិភាពរបស់ខ្លួន ដោយធ្វើយ៉ាងណាជួយបង្កលក្ខណៈដល់កសិករក្នុងស្រុកឲ្យមានផ្សារសម្រាប់លក់ដូរដើម្បីបង្កើនប្រាក់ចំណូល និងជួយកាត់បន្ថយពីការធ្វើចំណាកស្រុក ។
ក្នុងឱកាសនេះដែរ លោក អៀ ឯកសារ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏បានលើកទឹកចិត្ត ដល់សហភាពសហគមន៍ កសិកម្មបន្លែសុវត្ថិភាពកម្ពុជា ឲ្យបន្តខិតខំប្រឹងប្រែងនិងពង្រឹងសមត្ថភាពដល់សមាជិករបស់ខ្លួនបន្ថែមទៀតខណៈដែលរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ តែងតែផ្ដល់នូវការគាំទ្រជាកញ្ចប់ថវិកា ដើម្បីពង្រឹងសមត្ថភាពសហគមន៍កសិកម្ម សំដៅជំរុញ និងលើកកម្ពស់វិស័យកសិកម្ម ។
សូមបញ្ជាក់ថា៖សហភាពបន្លែសុវត្តិភាពត្រូវបានបង្កើតឡើងនិងចុះបញ្ជីជាផ្លូវការនៅអគ្គនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ ដែលមានសមាសភាពចូលរួមមកពី៖សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា,សហគមន៍កសិកម្មសំរោងសេរីមង្គល,សហគមន៍កសិកម្មអាងកំពីងពួយ,សហគមន៍កសិកម្ម ខាំកូ គីឡូ៣៨,សហគមន៍កសិកម្មព្រែកជីក,ក្រុមហ៊ុនហ្គ្រីនហ្វ័រនិច,សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ និងសហគមន៍កសិកម្ម មានជ័យរុងរឿង៕





( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )