ពលករខ្មែររអរគុណរាជរដ្ឋាភិបាលដែលសម្រួលឱ្យមានការលើកលែងតម្លៃសេវាចេញ ចូលតាមច្រកព្រំដែន

(ភ្នំពេញ)៖ ពលករខ្មែរដែលត្រលប់ពីប្រទេសថៃមកលេង​ស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​ក្រសួងការងារ និងក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើក​លែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មី​ប្រពៃណីជាតិសម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

លោក ញឹម សុខា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃ​បាន​លើកឡើងថា ខ្លួនមានការសប្បាយចិត្តជាខ្លាំងនៅពេល​ឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួល​ជាមួយរាជរដ្ឋាភិបាលប្រទេសថៃដោយជោគជ័យម្តងទៀត ដើម្បីមានការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ តាមច្រកព្រំដែន ដែលជាការសម្រួលការចំណាយមួយផ្នែក​សម្រាប់ពលករខ្មែរនៅប្រទេសថៃបានមកលេងស្រុកកំណើត។ លោក សូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការ​លើក​លែងថ្លៃសេវាចេញ ចូល តាមព្រំដែន ជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ។

ដោយឡែកលោកស្រី ឈិន វណ្ណធូ ជាពលករខ្មែរម្នាក់ទៀតបានលើកឡើងថា ការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំគឺជួយច្រើនណាស់ដល់ពលករ ពីព្រោះវាអាចកាត់បន្ថយចំណាយបានមួយចំណែកធំផងដែរ។

លើសពីនេះវាជាកត្តាមួយដែលជំរុញពលករខ្មែរនៅប្រទេសថៃបានមកលេងគ្រួសារ មកជួបជុំបងប្អូនជិតឆ្ងាយ អំឡុងពេលចូលឆ្នាំ។ លោកស្រី សប្បាយរីករាយណាស់នៅពេលធ្វើដំណើរទៅលេងស្រុកកំណើតនៅឆ្នាំនេះ ដោយមិនមានការបង់ថ្លៃសេវាចេញ ចូល នៅតាមច្រកព្រំដែនទាំងទៅ និងទាំងមក។ លោកស្រី សូមអរគុណរាជរដ្ឋាភិបាលកម្ពុជា អរគុណសម្តេច ហ៊ុន ម៉ាណែត និងក្រសួងការងារ ដែលខិតខំបំពេញការងារ ជួយសម្រួលអន្តរាគមន៍ជូនពលករខ្មែរធ្វើការនៅប្រទេសថៃ រហូតមានការលើកលែងតម្លៃសេវាចេញ ចូល រៀងរាល់ឆ្នាំ។ នេះជាការយកចិត្តទុកដាក់ និងដឹងសុខទុក្ខពីសំណាក់រដ្ឋាភិបាលមកលើពលករពួកយើង។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យមេីលស្ថានភាព និងស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅច្រកទ្វារព្រំដែននានា ដូចជាច្រកទ្វារព្រំដែនអន្តរជាតិដូង(បានឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ខណៈដែលការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) អំឡុងពេលបុណ្យចូលឆ្នាំថ្មី ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ការឯកភាពលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ (Re-Entry Permit) ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ គឺយោងតាមស្មារតីព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងប្រទេសថៃ នាពេលកន្លងមក៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner