សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសចរចាជាមួយអាមេរិក រឿងដំឡើងពន្ធ ៤៩ភាគរយ លើទំនិញកម្ពុជា
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីការចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធការប្រកាសដំឡើងពន្ធ ៤៩ភាគរយលើទំនិញកម្ពុជា នាំទៅសហរដ្ឋអាមេរិក ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ។
ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្ដេចបវរធិបតី បានមើលឃើញថា ការដំឡើងពន្ធលើទំនិញរបស់កម្ពុជា ពីសំណាក់រដ្ឋាភិបាលអាមេរិក អាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ ។
ក្នុងន័យនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ ។
ពាក់ព័ន្ធបញ្ហាពន្ធនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកបាននិងកំពុងខាតបង់ច្រើនលើការចំណាយនាំចូលទំនិញពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះហើយ បានជារដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធនាំចូលឆ្លើយតប (Reciprocal Tarifts)លើបណ្តាប្រទេសដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្ម។ ជាក់ស្ដែង កម្ពុជា ឡាវ និងវៀតណាម ត្រូវទទួលរងនូវអត្រាពន្ធនាំចូលក្នុងកម្រិត ៤៩%, ៤៨%, និង៤៦% រៀងគ្នា ដោយសារសហរដ្ឋ អាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មក្នុងកម្រិត ៩៧% ជាមួយកម្ពុជា ៩៥% ជាមួយឡាវ និង ៩០% ជាមួយ វៀតណាម។ ដូច្នេះ ការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ មិនមែនជាការឆ្លើយតបទៅនឹងអត្រាពន្ធនាំចូលដែល ប្រទេសទាំងនោះបានដាក់លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនោះទេ ហើយការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ ទៀតសោត មានត ៥០% នៃអត្រាដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ តែប៉ុណ្ណោះ៕
ដោយ ៖ វណ្ណលុក



