កម្ពុជា ប្រកាសកាត់បន្ថយពន្ធគយលើទំនិញអាមេរិក និងស្នើចរចាលើការអនុវត្តពន្ធគយ សម្រាប់ការនាំចេញរបស់កម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាត់បន្ថយពន្ធគយភ្លាមៗលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកចំនួន ១៩មុខ និងបានស្នើសុំភាគីអាម៉េរិក សម្រាប់ការចរចាទាក់ទងនឹងការអនុវត្តពន្ធគយលើទំនិញនាំចូលពីកម្ពុជា។ នេះបើយោងតាមសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងលិខិតរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ផ្ញើជូនប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ។

ក្នុងសារលិខិតចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតីបានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម ដូណាល់ ត្រាំ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ស្តីពីការយកពន្ធគយ ៤៩ភាគរយ លើផលិតផលពីកម្ពុជា ចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះតទៅ កម្ពុជាស្នើឱ្យមានការចរចាជាមួយភាគីអាមេរិកឱ្យបានឆាប់បំផុត និងស្នើឱ្យរដ្ឋាភិបាលអាមេរិកពិចារណាពន្យារពេលការអនុវត្តពន្ធគយខាងលើនេះ។

សម្តេចធិបតីបានបន្តថា ក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជាប្តេជ្ញាលើកកម្ពស់ការនាំចូលផលិតផលរបស់សហរដ្ឋអាមេរិក ជាមួយនឹងការកាត់បន្ថយភ្លាមៗនូវពន្ធគយសម្រាប់ផលិតផលចំនួន ១៩ ប្រភេទ ពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥% មកត្រឹមអត្រាពន្ធអនុវត្តន៍ ៥% (Applied Rate)។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាពជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត ដើម្បីឱ្យប្រទេស និងប្រជាជនទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីទំនាក់ទំនងពាណិជ្ជកម្មនេះ។

ជាមួយគ្នានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានផ្ញើសារលិខិតជូនឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ស្នើចរចាជុំវិញវិធានការដំឡើងអត្រាពន្ធគយរបស់សហរដ្ឋអាមេរិកមកលើទំនិញនាំចូលពីកម្ពុជា ដោយលោកជំទាវបានបន្ថែមថា “កម្ពុជាសូមស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បង្កើតយន្តការចរចា និងពន្យារពេលនៃកាលបរិច្ឆេទកំណត់នៃការអនុវត្តពន្ធ ដើម្បីអនុញ្ញាតឱ្យមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការវាយតម្លៃដ៏ហ្មត់ចត់ លើអភិក្រមជំនួស ដែលរក្សាបាននូវទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា”។

ក្នុងនាមក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការបន្តគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យក្នុងរយៈពេល ៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។

លោកជំទាវបានមានប្រសាសន៍ថា៖ «កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែងជាមួយសហរដ្ឋអាមេរិក ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម និងការចូលរួមក្នុងន័យស្ថាបនា ក្នុងរយៈពេលជាច្រើនទសវត្សនេះ ដែលក្នុងនោះ ការនាំចេញភាគច្រើនរបស់កម្ពុជាទៅសហរដ្ឋអាមេរិកជាការបំពេញបន្ថែមដល់ផលិតផល និងឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិក» ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner