ក្រុមហាសម៉ាស់ព្រមានថា ពេលវេលាដោះលែងចំណាប់ខ្មាំងជិតអស់ហើយ

ហ្គាហ្សា ៖ តំណាងក្រុមហាម៉ាស់ព្រមានថា បើសិនអ៊ីស្រាអែលព្រួយបារម្ភពីជីវិតចំណាប់ខ្មាំងនៅសេសសល់នោះ អ៊ីស្រាអែលត្រូវតែចូលខ្លួនចរចាភ្លាមៗ ដើម្បីរំដោះពួកគេ ព្រោះពេលវេលាជិតអស់ហើយ។

តំណាងក្រុមហាម៉ាស់បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលគឺអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះជោគវាសនារបស់ចំណាប់ខ្មាំង។ ពាក់កណ្តាលនៃចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ គឺស្ថិតនៅក្នុងតំបន់ដែលអ៊ីស្រាអែលបានចេញបញ្ជាជម្លៀសនាពេលថ្មីៗនេះ ហើយជីវិតរបស់ពួកគេកំពុងស្ថិតក្នុងហានិភ័យ។

អ៊ីស្រាអែលបានបញ្ចប់បទឈប់បាញ់រយៈពេលពីរខែ ជាមួយក្រុមហាម៉ាស់នៅថ្ងៃ ទី១៨ ខែ មីនា ហើយបានបន្តការវាយប្រហារតាមអាកាស និង ដីគោកយ៉ាង សាហាវលើតំបន់ប៉ាឡេស្ទីន។

អាជ្ញាធរសុខាភិបាលហ្គាហ្សាបាននិយាយកាលពីថ្ងៃសុក្រថា ការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១.២៤៩ នាក់ និង ៣.០២២ នាក់ទៀតរងរបួស។

ផ្អែកតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៨ ខែមីនាមក យោធាអ៊ីស្រាអែលបានចេញបញ្ជាផ្លាស់ទីលំនៅចំនួន ១៣លើក ដោយដាក់ផ្ទៃដីប្រហែល ១២៦.៦ គីឡូម៉ែត្រការ៉េ ឬ ៣៥ ភាគរយនៃតំបន់ហ្គាហ្សាស្ទ្រីប ក្រោមការបញ្ជារផ្លាស់ទីលំនៅសកម្ម។ ជាលទ្ធផល មនុស្សជាង ២៨០.០០០ នាក់បានផ្លាស់ទីលំនៅក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner