តាលីបង់ជំរុញឲ្យអាមេរិកបង្ហាញបេះដូង
បរទេស ៖ ពួកតាលីបង់បានអរគុណពិភពលោក សម្រាប់ជំនួយដែលបានសន្យា ហើយបានជំរុញឱ្យសហរដ្ឋអាមេរិក បង្ហាញបេះដូង ចំពោះប្រទេសក្រីក្រ ដែលចង់សំដៅលើប្រទេសអាហ្វហ្គានីស្ថាន ដែលខ្លួនកំពុងគ្រប់គ្រង។
លោក Amir Khan Muttaqi រដ្ឋមន្ត្រីការបរទេសស្តីទី តាលីបង់ កាលពីថ្ងៃអាទិត្យ បានថ្លែងអរគុណពិភពលោក ដែលបានសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់ រាប់រយលានដុល្លារ ដល់អាហ្វហ្គានីស្ថាន។
តែ លោកបានជំរុញឱ្យសហរដ្ឋអាមេរិកបង្ហាញ “បេះដូង” ចំពោះប្រទេសក្រីក្រ។ លោកក៏និយាយដែរថា ក្រុមតាលីបង់នឹងចំណាយប្រាក់របស់ម្ចាស់ជំនួយ ដោយឆ្លាតវៃ ហើយប្រើប្រាស់វា ដើម្បីកាត់បន្ថយភាពក្រីក្រ។
គួរបញ្ជាក់ថា ក្រុម តាលីបង់ បានប្រកាសថាជា “រដ្ឋាភិបាលបណ្តោះអាសន្ន” នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីឡើងកាន់អំណាច នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោយការដួលរលំ នៃកងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន និងការដួលរលំរដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថាន។ ប៉ុន្តែ រងការរិះគន់ ពីការបិទសិទ្ធិសេរីភាព ជាពិសេស ស្ត្រី នៅក្នុងប្រទេស មានទីតាំងនៅផ្លូវបំបែក នៃអាស៊ីកណ្តាល និងអាស៊ីខាងត្បូង ជាមួយនឹងប្រជាជនសរុប ជាង៤០លាននាក់ មួយនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
