នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ណែនាំដល់កងកម្លាំង នៃបញ្ជាការដ្ឋានអង្គរក្ស ចូលរួមសហការលើកិច្ចការពារសន្តិសុខ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
(កណ្ដាល)៖ នាយទាហាន និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស ចូលរួមសហការ លើកិច្ចការពារសន្តិសុខ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។
បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់ ខ.ភ.ម ដែលកន្លងមក បានចូលរួមបំពេញ និងអនុវត្តតួនាទី-ភារកិច្ចយ៉ាងសកម្ម ក្នុងកិច្ចការពារជាតិ មាតុភូមិ ការពារប្រជាជន ចូលរួមលើការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេស ការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ នៃប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុនី ព្រមទាំងក្រុមគ្រួសារ ។ ក្រៅពីនេះ ក៏បានចូលរួម ការងារសង្គមយ៉ាងច្រើនផងដែរ ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក្នុងឱកាសចូលរួម គោរពវិញ្ញាណក្ខ័ន្ធ អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណៈភាព ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បាននែនាំដល់ នាយទាហាន និងពលទាហានទាំងអស់ ត្រូវត្រៀមសម្ភារៈសង្គ្រោះ រថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីកើតឡើងដោយយថាហេតុផ្សេងៗ ព្រមទាំងចូលរួមសហការ លើកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេស ត្រូវអនុវត្ត ឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជាក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ.ភ.ម និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញ ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងនាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស បាននិមន្តព្រះសង្ឃ ៨៨អង្គ មកពីវត្តប្រជុំនទី ហៅវត្តក្រពើហារ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល សូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត វេរប្រគេនបច្ច័យ ទ័យ្យទាន មានគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ព្រមទាំងបានឧបត្ថម្ភអង្គភាពចំណុះ បញ្ជាការដ្ឋានអង្គរក្ស ក្នុង ១អង្គភាព ថវិកា ៥លានរៀល និងភេសជ្ជៈស្រាបៀ ៥០កេស , យោធិនម្នាក់ៗ ថវិកា ១០ម៉ឺនរៀល និង១ស្នងការ ថវិកា ២លានរៀល ៕






ដោយ ៖ វណ្ណលុក