ក្រសួងបរិស្ថានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស.២៥៦៩ ក្នុងស្មារតីមហាសាមគ្គីគ្រួសារបរិស្ថាន នាទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី អ៊ាង សុផល្លែត និងមានការចូលរួម ពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមជាមួយមន្ត្រីរាជការ និងបុគ្គលិក គ្រប់ថ្នាក់ ក្រោមឱវាទក្រសួងជាច្រើនរូបទៀត។

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះសង្ឃចំនួន ៧ អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេស បានបួងសួងដល់ទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ របស់ក្រសួងបរិស្ថាន ជា ក៏ដូចជាប្រជាពលរដ្ឋ ខ្មែរគ្រប់ៗរូប ឱ្យទទួលបានសុខភាពល្អ សេចក្ដីសុខចម្រើនរុងរឿង មានសសុភមង្គលគ្រប់ក្រុមគ្រួសារ ព្រទាំងទទួលបានជោគជ័យរាល់ការបំពេញភារកិច្ចនានាក្នុងឆ្នាំថ្មី និងជានិច្ចនិរន្តរ៍តរៀងទៅ។

សូមបញ្ជាក់ថានៅក្នុងពិធីពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រសួងបរិស្ថានបានរៀបចំឱ្យមានការសម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ដើម្បីទទួលអំណរសាទរ និងសេចក្តីសុខ ចម្រើនសិរីឆ្នាំថ្មីផងដែរ។

ជាមួយគ្នានេះដែរ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ពុទ្ធសករាជ ២៥៦៩ គ្រិស្តសករាជ ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរព្រះគុណ និងអរគុណ ប្រគេនដល់ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ និងជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គការដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន
សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយឬទ្ធិ កម្មករ-កម្មការិនី និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានគាំទ្រ និងអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ “ភាពស្អាត ភាពបៃតង និងចីរភាព”៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner