ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំការពារ សុខុមាលភាពប្រជាជន
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដល់វិស័យសុខាភិបាល ព្រមទាំងបានកំណត់ថា សុខភាពរបស់ប្រជាជនជាស្នូល នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមានចក្ខុវិស័យរយៈពេលវែង គឺ «ប្រជាជនកម្ពុជាទាំងអស់មានសុខភាពកាន់តែប្រសើរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន»។
គ្រូពេទ្យ ត្រូវមានកាលះបង់ មានការទទួលខុសត្រូវ និងធ្វើឱ្យសង្គមទទួលស្គាល់ ជារួម៖ តួនាទីរបស់គណៈគ្រូពេទ្យ គឺបម្រើភាពត្រឹមត្រូវរបស់គ្រូពេទ្យ សំដៅអត្ថប្រយោជន៍របស់អ្នកជំងឺ ត្រូវធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកប្រកបមុខរបរវិជ្ជាជីវៈ ហើយត្រូវធ្វើបទបង្ហាញឱ្យគាត់ដឹងអំពីច្បាប់ ក្រមសីលធម៌វេជ្ជសាស្ត្រ គរុកោសល្យ និងវិន័យ ដល់អ្នកជំងឺ ក្នុងការបម្រើសេវាឱ្យមានគុណភាព ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ក្នុងពិធីបើក មហាសន្និបាតក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អាណត្តិ៦ឆ្នាំ លើកទី៣ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បញ្ចាក់បន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យ របស់ រាជរដ្ឋាភិបាល ការចូលរួមរបស់តួអង្គពាក់ព័ន្ធ ពិតជាមានសារៈសំខាន់ជាសារវន្ត គឺការបង្កើនភាពទទួលបានសេវាថែទាំសុខភាពរបស់ប្រជាជន ហើយសមត្ថភាពនិយ័តកម្មរបស់ក្រសួងសុខាភិបាល ក៏ដូចជាតួអង្គពាក់ព័ន្ធទាំងអស់ ពិសេសគណៈវិជ្ជាជីវៈសុខាភិបាល ដែលជាតួអង្គសំខាន់ក្នុងការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ








