លោក Trump ចង់ដកទ័ព ១០.០០០ នាក់ចេញពីអឺរ៉ុប
វ៉ាស៊ីនតោន ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ មានគំរោងដកទ័ព ១០,០០០ នាក់ចេញពីអឺរ៉ុបខាងកើត ទោះបីជាអ្នកវិភាគមួយចំនួនព្រួយបារម្ភថា ការសម្រេចចិត្តនេះ នឹងបើកដៃឲ្យរុស្ស៊ីមានឱកាសលុកលុយអឺរ៉ុបក៏ដោយ។
លោក Seth Jones មកពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានប្រាប់ NBC News ថា ការថយចុះកងកម្លាំងអាមេរិក នឹងបង្កើនឆន្ទៈរបស់លោកប្រធានាធិបតី ពូទីន ក្នុងការជ្រៀតជ្រែកតាមមធ្យោបាយផ្សេងៗនៅទូទាំងទ្វីបអឺរ៉ុប។
យោងតាមសម្តីមន្ត្រីអាមេរិក និងអឺរ៉ុបចំនួន ៦រូប បានបង្ហើបប្រាប់ NBC News ឲ្យដឹងថា ការកាត់បន្ថយទ័ពអាមេរិកនេះ នឹងធ្វើឡើងនៅក្នុងប្រទេសរូម៉ានី និងប៉ូឡូញ។
ក្នុងឆ្នាំ ២០២២ កងទ័ពអាមេរិកប្រហែល ២០.០០០ នាក់ត្រូវបានដាក់ពង្រាយទៅការពារតំបន់អឺរ៉ុប ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden ក្នុងបំណងពង្រឹងផ្នែកខាងកើតរបស់អង្គការណាតូ ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
ការដកទ័ពនេះដែរ កើតឡើងចំពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់អង្គការណាតូម្តងហើយម្តងទៀត និងថា អឺរ៉ុបគួរតែមានទំនួលខុសត្រូវជាងមុនលើវិស័យការពារជាតិ ជាពិសេសបង្កើនការចំណាយផ្នែកយោធា និង នាំមុខលើការផ្តល់អាវុធដល់អ៊ុយក្រែន។
បច្ចុប្បន្នកងទ័ពអាមេរិកប្រហែល ១០០.០០០ នាក់កំពុងឈរជើងនៅទូទាំងទ្វីបអឺរ៉ុប ក្នុងនោះ ៦៥.០០០ នាក់ឈរជើងជាអចិន្ត្រៃយ៍នៅលើទ្វីបនេះ៕
ប្រភព ៖ NBC News ប្រែសម្រួល ៖ ឈឹម ទីណា
