កម្ពុជា អរគុណថៃ លើការលើកលែងការបង់ថ្លៃទិដ្ឋាការ​សម្រាប់​ពលករកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

(ភ្នំពេញ)៖ កម្ពុជា ថ្លែងអំណរគុណចំពោះអាជ្ញាធរថៃ លើការលើក​លែង​ការបង់ថ្លៃទិដ្ឋាការសម្រាប់ពលករកម្ពុជានៅក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំខ្មែរ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល​នៃជំនួបដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញាតិឱ្យឯកឧត្តម ទុន ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ​សមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលជួបសម្តែង​ការ​គួរសម នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិភាក្សាអំពីការ​រពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជា-ថៃ ស្របពេលដែលប្រទេស​ទាំងពីរ​ប្រារព្ធខួបលើកទី ៧៥ នៃទំនាក់ទំនងការទូត ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរឯកឧត្តមឯកអគ្គរាជ​ទូត ត្រៃសូរ៉ាត់ ចំពោះការទទួលបានការតែងតាំងជាឯកអគ្គរាជ​ទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងការពេញ ចិត្ត​ចំពោះភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងកម្ពុជា-ថៃ ដែលស្តែងឡើងតាមរយៈកំណើននៃ ការប្រាស្រ័យទាក់ទង​លើគ្រប់វិស័យ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានរំលឹក​ឡើងវិញនូវដំណើរទស្សនកិច្ចជាន់ខ្ពស់សំខាន់ៗក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមមានដំណើរទស្សនកិច្ចផ្លូវការរបស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅប្រទេសថៃ នាខែកុម្ភៈ ឆ្នាំ២០២៤ ដែលក្នុងឱកាសនោះ ទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបាន​ដំឡើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទន្ទឹងរង់ចាំស្វាគមន៍ដំណើ​រទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូអង្វែងរវាងកម្ពុជា និងថៃ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានឯកភាព​គ្នាលើការពន្លឿនការបញ្ចប់ផែនការសកម្មភាពរួមក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ និងបានពិភាក្សាអំពីការរៀបចំ​កិច្ចប្រជុំលើក​ទី១២ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និង នៅប្រទេសថៃនាឆ្នាំនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសង្កត់​ធ្ងន់​លើសារសំខាន់នៃការប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនង​ការ​ទូតរវាងប្រទេសទាំងពីរ ដែលមានព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍ ជាច្រើន រួមមាន ៖ ការប្រកួតកីឡាបាល់ទាត់មិត្តភាព និងការប្រ​កួតរត់ប្រណាំងរវាងព្រះរាជាណាចក្រទាំងពីរ ឆ្នាំ២០២៥ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) កាលពីខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានផ្លាស់ប្តូរ​ទស្សនៈអំពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអនុវត្តច្បាប់ ព្រមទាំង​បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាមអនឡាញ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមរំលែកទុក្ខចំពោះ​ការបាត់បង់​អាយុជីវិតនៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃកាលពីពេលថ្មីៗនេះ និងបានថ្លែងអំណរគុណចំពោះអាជ្ញាធរថៃដែលបានផ្តល់ជំនួយ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានរងគ្រោះពីគ្រោះមហន្តរាយនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រ​របស់រាជរដ្ឋាភិបាលថៃ សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលនានា ។

ឯកឧត្តមឯកអគ្គរាជទូត ត្រៃសូរ៉ាត់ បានកោតសរសើរចំពោះភាពរីក​ចម្រើនជាបន្តបន្ទាប់របស់កម្ពុជា និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត​របស់ថៃ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការដែលមានផល ប្រយោជន៍ទៅវិញទៅមក ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner