កម្ពុជា-សិង្ហបុរី នឹងធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពយូរអង្វែង

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ដែលក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានពិភាក្សាជាមួយ លោកជំទាវ ឯកអគ្គរដ្ឋទូត អំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងធ្វើឱ្យកាន់ស៊ីជម្រៅនូវចំណងមិត្តភាពយូរអង្វែង ។

ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវឯកអគ្គរដ្ឋទូត បានគូស​បញ្ជាក់​អំពីសារៈសំខាន់ នៃខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាង​ប្រ​ទេស​ទាំងពីរ និងបានពិភាក្សាអំពីសកម្មភាពនានា រួមគ្នា ដើម្បីអបអរ​ព្រឹត្តិការណ៍ដ៏សំខាន់នេះ ជាពិសេសភាគីទាំងពីរ បានផ្លាស់ប្តូរ​ទស្ស​នៈ​គ្នាស្តីពីការ រៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី មកកាន់កម្ពុជា ដែលនឹងកំណត់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងអំឡុងពេលនៃឆ្នាំរំលឹកខួបនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវឯកអគ្គរដ្ឋ​ទូត បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ច​សហប្រតិ​បត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការ​អភិវឌ្ឍ​ធនធានមនុស្ស ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកជំទាវ​ឯកអគ្គរដ្ឋទូត ចំពោះការចូលរួមចំណែក ក្នុងការពង្រឹងចំណងមិត្ត​ភាព​ទ្វេភាគីរវាងប្រទេសទាំងពីរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner