ក្រសួងប្រៃសណីយ៍រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរ​ជ័យ សិរីមង្គល ទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិក ក្រោមឱវាទក្រសួង បានមូលមតិគ្នារៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណី​ព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេស បានបួងសួងដល់ទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដ​ពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ របស់ក្រសួង ក៏ដូចជាប្រជាពលរដ្ឋ ខ្មែរគ្រប់ៗរូប ឱ្យទទួលបានសុខភាពល្អ សេចក្ដីសុខចម្រើនរុងរឿង មានសសុភមង្គលគ្រប់ក្រុមគ្រួសារ ព្រទាំងទទួលបានជោគជ័យរាល់ការបំពេញភារកិច្ចនានាក្នុងឆ្នាំថ្មី និងជានិច្ចនិរន្តរ៍តរៀងទៅ។

ក្នុងពិធីនេះ ក៏មានរៀបចំសម្ដែងរបាំជូនពរ និងរបាំត្រុដិដែល​ជា​ទំនៀម​ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ក្នុងគោលបំណងប្រសិទ្ធពរ​ជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូន ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់រូប នៃក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានមកដល់នាពេលខាងមុខ។

ជាមួយគ្នានេះដែរ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ពុទ្ធសករាជ ២៥៦៩ គ្រិស្តសករាជ ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខ ឯកឧត្ដម ជា វ៉ាន់ដេត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបានខិតខំបំពេញបេសកកម្មការងារ​រយៈ​ពេល​មួយឆ្នាំមកនេះ និងសូមបន្តខិតខំបំពេញកសរងារ បន្ថែមទៀត ដើម្បីឆ្ពោះទៅរកការសម្រេចបាន ការងារតាមផែនការ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត សូមបួងសួង​ប្រសិទ្ធពរជ័យ សិរីមង្គល ជូនបងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមជួប​ប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួសារនាឱកាស​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner