សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៤ ដល់ជនមានពិការនៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) FM94.70MHz
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៤ ដើម្បីជួយសម្រាលការលំបាកជនមានពិការ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានកោតសរសើរចំពោះបងប្អូនជនមានពិការភ្នែកទាំងអស់មានសមត្ថភាពក្នុងការរៀនដោយប្រើអក្សរស្ទាបទទួលបានចំណេះដឹងខ្ពង់ខ្ពស់រហូតចប់បរិញ្ញាបត្រ ហើយបានចូលរួមចំណែកជួយប្រទេសជាតិផង ជាពិសេសផ្នែកវិទ្យុ និងទូរទស្សន៍ សំខាន់ណាស់ព្រោះជាប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយរំលេចឡើងនូវអ្វីដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលសម្រេចបាន។
ទន្ទឹមនឹងនេះក៏សុំចូលរួមផ្សព្វផ្សាយព័ត៌មានពិត ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព្រោះថ្មីៗនេះក្រសួងព័ត៌មានកំពុងចាប់ផ្តើមយុទ្ធនាការរឿងព័ត៌មានក្លែងក្លាយ ដែលយើងបានរួមចំណែកយ៉ាងធំធេងធ្វើយ៉ាងណាលុបបំបាត់ព័ត៌មានមិនពិត លុបបំបាត់ព័ត៌មានបំពុល ក្លែងក្លាយ ជាពិសេសការបំផុសចលនាដែលនាំឱ្យមានបដិវត្តន៍ពណ៌ដែលជាឃាតករសម្លាប់សន្តិភាព និងការអភិវឌ្ឍ និងនាំឱ្យកើតមានសង្គ្រាម។»
លោក សែម សំណាង អគ្គនាយកសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្តីអាណិតពីអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរសន្តោសប្រណី ជួយឧបត្ថម្ភគាំទ្រដល់បងប្អូនជនមានពិការដែលជាបុគ្គលិកកំពុងបម្រើការងារនៅសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែកនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តជាបន្តបន្ទាប់។
លោកបានបញ្ជាក់ផងដែរថា៖ សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១០ មាននៅរាជធានី-ខេត្តចំនួន៥ គឺរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់ ដែលត្រូវបានទទួលការឧបត្ថម្ភកសាងទាំងស្រុងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី។
សូមបញ្ជាក់ថា អំណោយផ្តល់ជូន រួមមាន៖ អង្ករ ១,៥តោន អង្ករសុខភាព ៧កេស មី ១៥កេស ត្រីខ ៤កេស ទឹកស៊ីអ៊ីវ ១០យួរ ទឹកក្រូច ១០កេសទឹកបរិសុទ្ធ១០កេស ផ្លែក្រូច ៥០គីឡូក្រាម និងថវិកា ៥លានរៀល៕
ដោយ / គ្រី សម្បត្តិ






