នាវាកងទ័ពអ៊ីតាលីដឹកជនចំណាកស្រុកចេញក្រៅប្រទេស

បរទេស ៖ នាវាកងទ័ពជើងទឹកឈ្មោះ Libra របស់ប្រទេសអ៊ីតាលី បានដឹកក្រុមជនចំណាកស្រុក ចំនួន៤០នាក់ ចាកចេញដំណើរ ទៅកាន់តំបន់ Gjader ក្នុងប្រទេសអាល់បានី កាលពីថ្ងៃសុក្រ។

ការដឹកជញ្ជូននេះ បានធ្វើឡើង ក្រោយពេលអ៊ីតាលី បង្កើតជាមជ្ឈមណ្ឌល ធ្វើមាតុភូមិនិវត្តន៍ នៅប្រទេសអាល់បានី។ កាលពីថ្ងៃទី២៨ ខែមីនា រដ្ឋាភិបាល អ៊ីតាលី បានអនុម័តក្រឹត្យមួយ ដែលអនុញ្ញាតឱ្យមានការផ្ទេរ អ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបានស្ទាក់ចាប់នៅសមុទ្រ និង ជនចំណាកស្រុក ដែលគ្មានឯកសារ ទៅកាន់មជ្ឈមណ្ឌលនេះ តែ ត្រូវទទួលការបញ្ជាក់ ពីចៅក្រមជាមុនសិន។

រដ្ឋាភិបាលអ៊ីតាលី មិនបានបញ្ចេញសញ្ជាតិ ឬ ព័ត៌មានលម្អិត បន្ថែមទៀតទេ។ តែនេះហាក់ដូចជា ជាលើកដំបូង ដែលប្រទេសសហភាពអឺរ៉ុប បញ្ជូនជនចំណាកស្រុក ដែលត្រូវបានច្រានចោល ទៅកាន់ប្រទេសមួយផ្សេងទៀត នៅក្រៅសហភាពអឺរ៉ុប ដែលមិនមែនជាប្រទេសរបស់ពួកគេ ឬ ប្រទេសដែលពួកជនចំណាកស្រុកបានឆ្លងកាត់ ក្នុងការធ្វើដំណើរ។

យ៉ាងណាមិញ អង្គការសិទ្ធិជនចំណាកស្រុក និយាយថា នេះគឺជាការបំពានសិទ្ធិ ក្នុងការស្វែងរកសិទ្ធិជ្រកកោន និងកំណត់ឲ្យមាន គំរូដ៏គ្រោះថ្នាក់ មួយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner