យូអិនថា មីយ៉ាន់ម៉ាត្រូវការបន្ទាន់២៧៥លានដុល្លារ
បរទេស ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បានស្វែងរកជំនួយបន្ទាន់ ចំនួន២៧៥លានដុល្លារអាមេរិក ដើម្បីយកទៅជួយដល់ជនរងគ្រោះ ដោយសារការរញ្ជួយដី នៅប្រទេសមីយ៉ាន់ម៉ា ដែលបានសម្លាប់មនុស្ស ជាង៣,៦០០នាក់។
អង្គការសហប្រជាជាតិ បានបើកការអំពាវនាវ កាលពីថ្ងៃសុក្រ ដោយបង្ហាញរបាយការណ៍ ព្រមានថា «ជាមួយនឹងតម្រូវការថ្មី និងការកើនឡើង ធនធានបន្ថែម ត្រូវបានទាមទារ ជាបន្ទាន់»។
សេចក្តីអំពាវនាវថ្មីនេះ នឹងកំណត់គោលដៅ ដល់មនុស្ស ១,១លាននាក់ ដែលងាយរងគ្រោះបំផុត ដោយសង្កត់ធ្ងន់លើស្ត្រី និងកុមារី ដែលប្រឈមមុខនឹងហានិភ័យខ្ពស់ នៃអំពើហិង្សាយេនឌ័រ, អសន្តិសុខអាហារ និងកង្វះលទ្ធភាព ទទួលបានសុខភាពបន្តពូជ»។
យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សជាង៦.៣លាននាក់ កំពុងត្រូវការជំនួយជាបន្ទាន់ នៅក្នុងតំបន់ ដែលរងគ្រោះខ្លាំងបំផុត ដោយសារការរញ្ជួយដីកម្រិត ៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត