អុំទូកកម្សាន្តតាមដងស្ទឹងសៀមរាប ៖ កម្មវិធីពិសេសក្នុងអង្គរសង្ក្រាន្ត២០២៥
(សៀមរាប)៖ ក្នុងបរិបទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំកម្មវិធីអុំទូកកម្សាន្តតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដើម្បីបន្ថែមភាពសប្បាយរីករាយ និងបន្ថែមសីលធម៌វប្បធម៌ជាតិក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
កម្មវិធីនេះគឺជាការច្នៃប្រឌិតថ្មីមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាសកម្មភាពប្រពៃណីនានា ដែលធ្វើឡើងនៅក្បែរដងស្ទឹង ដោយមានការរៀបចំទូកជិត១៣០ ស្រាប់ រួមមានទូកនេសាទ និងទូកហង្ស។ ភ្ញៀវទេសចរ អាចជិះទូកកម្សាន្តព្រមទាំងរីករាយជាមួយនឹងផ្សារលើទឹក ការសម្តែងរបាំប្រពៃណី និងរាំវង់ស្គរដៃ។
បច្ចុប្បន្ននេះ ការរៀបចំកម្មវិធីអុំទូកកម្សាន្តមិនត្រឹមតែមានគោលបំណងផ្នែកកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក៏បានបង្ហាញពីបំណងចង់រួមចំណែកជួយសហគមន៍ក្រីក្រ តាមរយៈប្រាក់ចំណូលផ្តល់ជាសប្បុរសធម៌ក្នុងកម្មវិធីនេះផងដែរ។
នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវជាច្រើនទាំងជាតិ និងអន្តរជាតិបានមកជួបជុំជិះទូក និងរីករាយក្នុងគ្រប់តំបន់ទេសចរណ៍ពេញនិយមដូចជា ផាប់ស្រ្ទីត, មុខសួនច្បារព្រះរាជដំណាក់ និងបណ្តោយដងស្ទឹង។
កម្មវិធីអុំទូកកម្សាន្តតាមដងស្ទឹងសៀមរាបមិនត្រឹមតែជាស្នាដៃវប្បធម៌ទេ តែគឺជាសញ្ញាបង្ហាញពីសន្តិភាព និងការរួបរួមជាតិ ដែលបានកើតមានដោយសារនយោបាយឈ្នះ ឈ្នះ និងការដឹកនាំដោយមនុស្សដែលមានចក្ខុវិស័យយូរអង្វែង។ កិច្ចការនេះជារូបកាយនៃភាពរីកចម្រើន និងសុភមង្គលរបស់មហាជនខ្មែរទាំងមូល ៕







ដោយ ៖ ប៊ុនរដ្ឋា