Trumpថាមិនប្រញាប់វាយប្រហារអ៊ីរ៉ង់ពេកទេ
បរទេស៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា «មិនប្រញាប់» សម្រាប់ជម្រើសយោធា វាយប្រហារប្រឆាំង ទៅលើប្រទេសអ៊ីរ៉ង់នោះទេ។
លោកប្រធានាធិបតីអាមេរិក បានអះអាងថា លោកមិនប្រញាប់ប្រញាល់ ចាត់វិធានការយោធា វាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែ លោក មិនបានបញ្ជាក់ ពីរបាយការណ៍របស់កាសែត New York Times ដែលថា លោកធ្វើអន្តរាគមន៍ ឲ្យមានការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នោះទេ។
លោកបានគូសបញ្ជាក់ នៅសេតវិមានថា «ខ្ញុំមិនប្រញាប់ប្រញាល់ធ្វើវាទេ ពីព្រោះខ្ញុំគិតថា អ៊ីរ៉ង់មានឱកាស ក្លាយជាប្រទេសដ៏អស្ចារ្យមួយ”។ “នោះជាជម្រើសទីមួយរបស់ខ្ញុំ។ ប្រសិនបើមានជម្រើសទីពីរ ខ្ញុំគិតថាវានឹងអាក្រក់ណាស់សម្រាប់អ៊ីរ៉ង់ ហើយខ្ញុំគិតថា អ៊ីរ៉ង់ចង់ចរចា ខ្ញុំសង្ឃឹមថា ពួកគេចង់ចរចា។
ការលើកឡើងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមន្ត្រីរបស់លោក Trump បានជួបមន្ត្រីអ៊ីរ៉ង់ចរចារឿងកម្មវិធីនុយក្លេអ៊ែរ កាលពីពេលថ្មីៗនេះ ហើយគ្រោងនឹងជួបគ្នា ម្តងទៀត ឆាប់ៗនេះ៕
ប្រភពពី AFP ប្រែសម្រល៖ សារ៉ាត