ក្រុមហ៊ូទីថា អាមេរិកវាយលុកកំពង់ផែឥន្ធនៈយេម៉ែន ស្លាប់មនុស្ស ១៣ នាក់ទៀត
វ៉ាស៊ីនតោន ៖ ការវាយលុកផ្លូវអាកាសរបស់អាមេរិក បានបំផ្លាញកំពង់ផែឥន្ធនៈដ៏សំខាន់មួយនៅយេម៉ែន និងបណ្តាលឲ្យមនុស្ស ១៣ នាក់បន្ថែមទៀតបាត់បង់ជីវិត នេះបើតាមការអះអាងរបស់ក្រុមហ៊ូទី កាលពីថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យក្រសួងសុខាភិបាលក្រុមហ៊ូទី លោក Anees Alasbah និយាយថា កម្មករ និងនិយោជិត ១៣ នាក់នៅកំពង់ផែ Ras Issa ត្រូវបានសម្លាប់ និង ៣០ នាក់ទៀតរងរបួស នៅក្នុងការឈ្លានពានរបស់អាមេរិក។
យ៉ាងណាមិញ យោធាអាមេរិកបាននិយាយថា ការវាយប្រហារលើកំពង់ផែឥន្ធនៈ Ras Issa នេះ គឺក្នុងគោលបំណងកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ប្រេង និងលុយរបស់ក្រុមប្រដាប់អាវុធហ៊ូទី។
អាមេរិកបានវាយលុកផ្លូវអាកាសប្រឆាំងក្រុមហ៊ូទីស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ក្នុងគោលបំណងបញ្ចប់ការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូនជនស៊ីវិល និងនាវាយោធានៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden។
ចំណែកក្រុមឧទ្ទាមហ៊ូទីបានចាប់ផ្តើមការវាយប្រហាររបស់ពួកគេនៅចុងឆ្នាំ ២០២៣ ក្នុងគោលបំណងបង្ហាញពីសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ប្រឆាំងការវាយលុករបស់អ៊ីស្រាអែល៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា