តើមានព្រឹត្តិការណ៍អ្វីខ្លះបានកើតឡើងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិននៅកម្ពុជា?
ភ្នំពេញ៖ឯកឧត្តម ស៊ី ជីនពីង( Xi Jinping ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញនិវត្តន៍កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា(១៧ និង១៨ ខែមេសា ឆ្នាំ២០២៥)ប្រកបដោយលទ្ធផលយ៉ាងត្រចះត្រចង់។
លទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង គឺមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន៣៧ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខសកលការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ពន្ធគយ ចត្តាឡីស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។ ចំនួនឯកសារនេះមិនរាប់បញ្ចូលឯកសាររវាងរដ្ឋ និងឯកជន ព្រមទាំងរវាងធុរកិច្ច និងធុរកិច្ចមួយចំនួន ដែលបានចុះហត្ថលេខាលើគម្រោងធំៗ រួមមានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ការសាងសង់រោងចក្រថាមពល LPG 900 MW ក្នុងខេត្តកោះកុង និងគម្រោងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែក។
ប៉ុន្តែទន្ទឹមនេះ ក៏មានព្រឹត្តិការណ៍សំខាន់ៗពីរផ្សេងទៀតក៏បានកើតឡើងក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះផងដែរ។ព្រឹត្តិការណ៍នេះមានទីមួយការរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» និងទីពីរ ពិធីសម្ពោធបើកសប្តាហ៍ភាពយន្តនៅកម្ពុជា។
សូមជម្រាបថា ក្នុងខណៈពេលឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន,ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» ។ ពិធីនេះបានធ្វើឡើងសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។
ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក និងនិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ឆ្នាំ២០២៥ ជាឆ្នាំដ៏ពិសេសសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ និងភាពឈ្លាសវៃរបស់ប្រមុខរាជ/រដ្ឋាភិបាលនៃប្រទេសទាំងពីរ ទំនាក់ទំនងក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បានបោះជំហានទៅមុខយ៉ាងស្វាហាប់ និងរឹងមាំ។ បេសកកម្មរួមរបស់យើង គឺការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលផ្នែកគំនិត និងទស្សនៈ។ ថ្ងៃនេះ ក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសហការរៀបចំធ្វើពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត» ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា តាមរយៈកម្មវិធីនេះយើងអាចបន្តរៀនពីគំនិតអភិវឌ្ឍន៍របស់ប្រទេសចិន និងលើកកម្ពស់ការផ្លាស់ប្តូរផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ព្រមទាំងកត់ត្រានូវការអនុវត្តជាក់ស្តែងរវាងកម្ពុជា និងចិន ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការរួមគ្នាកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដើម្បីបង្កើននូវការផ្លាស់ប្តូរវប្បធម៌ក្នុងវិស័យជាច្រើនរវាងប្រទេសទាំងពីរ សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
នៅថ្ងៃទី១៧ ខែមេសាដដែល លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ រួមជាមួយឯកឧត្ដម Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួង ឃោសនា ការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកសប្តាហ៍ភាពយន្តនៅកម្ពុជានាសាល សន្និសីទចតុម្មុខ។
សប្ដាហ៍ភាពយន្តចិននៅកម្ពុជា សហការរៀបចំដោយរដ្ឋបាលភាពយន្ត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា គណៈកម្មការរៀបចំមហោស្រពភាព យន្តកម្ពុជាអាស៊ី និងបណ្ណសាភាពយន្តចិន ។សប្ដាហ៍ភាពយន្តចិននៅកម្ពុជា នឹងប្រារព្វរយៈ ពេល៥ថ្ងៃ ដោយមានការចាក់បញ្ចាំងភាពយន្តល្បីៗ ចំនួន៥ ចំណងជើង នៅរោងភាពយន្តឡេជេន អូឡាំព្យាម៉ល ជូនប្រជាពលរដ្ឋចូលរួមទស្សនាដោយសេរី។
ក្នុងឱកាសនោះលោកជំទាវ ភឿង សកុណាបានថ្លែងថា កម្ពុជា និងចិន មានទំនាក់ទំនងជាប្រពៃណីដែលបានចាប់ផ្ដើមរាប់ពាន់ឆ្នាំមកហើយ ហើយក៏មានវប្បធម៌អរិយធម៌ដ៏ចំណាស់និងអស្ចារ្យរៀងៗខ្លួនផងដែរ។ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានឈានដល់កម្រិតដ៏សំខាន់ មួយគឺ“សហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន” ។ បន្ថែមលើនេះ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ដពង្រឹងនិងផ្ដល់អាទិភាពខ្ពស់លើទំនាក់ ទំនងកម្ពុជា-ចិន ដែលបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀតគឺ «កិច្ចសហ ប្រតិបត្តិការត្បូងពេជ្រ» ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព។ ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ ប្រទេសយើងទាំងពីរ បានប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងនោះវិស័យ វប្បធម៌ក៏ត្រូវបានលើកកម្ពស់ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕








ដោយ៖មុនី