ឥណ្ឌាដំណើរការប្រព័ន្ធប្រកាសអាសន្នដំរីព្រៃវាយប្រហារ
ញូដែលី ៖ ក្នុងគោលបំណងទប់ស្កាត់ជម្លោះរវាងដំរីព្រៃ និង មនុស្សនោះ ប្រទេសឥណ្ឌាបាដាក់ដំណើរការប្រព័ន្ធប្រកាសអាសន្នមួយនៅលើទូរស័ព្ទដៃ ដើម្បីចាប់សញ្ញាពីវត្តមានហ្វូងដំរីព្រៃ និង ជួយការពារករណីស្លាប់កើនឡើងក្នុងមួយឆ្នាំៗ។
កម្មវិធីប្រកាសអាសន្នក្នុងទូរស័ព្ទដៃនេះ បង្កើតឡើងដោយក្រុមហ៊ុនឥណ្ឌា Kalpvaig ហើយមានគោលដៅផ្តល់ការព្រមានជាមុនដល់អ្នកភូមិដែលនៅជិតទីតាំងហ្វូងដំរីព្រៃ។ ចាប់តាំងពីប្រព័ន្ធរោទិ៍ប្រកាសអាសន្ននេះ ចាប់ផ្តើមដាក់ដំណើរការនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ មានករណីស្លាប់ទាក់ទងនឹងដំរីមួយប៉ុណ្ណោះដែលត្រូវបានកត់ត្រា។
នៅពេលដែលជម្រកសត្វដំរីធ្លាក់ចុះ ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃបានកើនឡើង ដោយមនុស្សចំនួន ៦២៩ នាក់ត្រូវបានសម្លាប់ដោយស្នាដៃសត្វដំរីនៅទូទាំងប្រទេសឥណ្ឌា ក្នុងឆ្នាំ ២០២៣-២០២៤ នេះបើយោងតាមតួលេខរបស់សភា។
ហើយជម្លោះរវាងដំរីព្រៃ និង មនុស្ស ភាគច្រើនបង្កឡើងពីការឆ្កាដីព្រៃតាំងទីលំនៅ រួមទាំងប្រតិបត្តិការរុករករ៉ែធ្យូងថ្ម រ៉ែដែក និងរ៉ែបាស៊ីតជាដើម។ យ៉ាងណាមិញ អាជ្ញាធរបាននិយាយថា ប្រព័ន្ធប្រកាសអាសន្នដែលទទួលបានមូលនិធិពីរដ្ឋាភិបាលបានកាត់បន្ថយចំនួនអ្នកស្លាប់ និង របួសបានយ៉ាងច្រើន។
បើតាមសារព័ត៌មាន AFP មានដំរីអាស៊ីតិចជាង ៥០.០០០ ក្បាលនៅក្នុងព្រៃ នេះបើយោងតាមមូលនិធិសត្វព្រៃពិភពលោក។ ពួកវាភាគច្រើនរស់នៅក្នុងប្រទេសឥណ្ឌា និងបណ្តាប្រទេសផ្សេងទៀត មានដូចជាស្រីលង្កា និងអាស៊ីអាគ្នេយ៍៕





ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា