ថៃបារម្ភផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ក្រោយចប់ចូលឆ្នាំថ្មី
បាងកក ៖ អាជ្ញាធរសុខាភិបាលថៃមានការព្រួយបារម្ភខ្លាំងថា ករណីឆ្លងជំងឺកូវីដថ្មីៗអាចនឹងផ្ទុះឡើង ក្រោយបញ្ចប់ពិធីបុណ្យសង្ក្រាន្ត ដោយសារកត្តាជាច្រើន មានដូចជាទំនាក់ទំនងជិតស្និទ្ធនៅកន្លែងបាញ់ទឹក ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍អន្តរជាតិទូទាំងប្រទេស។
លោកវេជ្ជបណ្ឌិត Yong Poovorawan ប្រធាននាយកដ្ឋានរោគវិទ្យានៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា ករណីឆ្លងជំងឺកូវីដក្នុងប្រទេសថៃមាននិន្នាការកើនឡើងនៅដើមខែមេសា ជាពិសេសកំលុងពិធីបុណ្យសង្ក្រាន្ត ។
លោកវេជ្ជបណ្ឌិត Yong បានសង្កត់ធ្ងន់ថា ដោយសារភាពធ្ងន់ធ្ងររបស់មេរោគកូវីដនាពេលបច្ចុប្បន្ន ដូច្នេះហើយ ការព្យាបាលផ្តោតជាចម្បងលើការគ្រប់គ្រងរោគសញ្ញា និង ត្រូវប្រើថ្នាំប្រឆាំងមេរោគ ព្រមទាំងការត្រួតពិនិត្យយ៉ាងជិតស្និទ្ធដើម្បីការពារផលវិបាក។
គិតមកទល់ពេលនេះ វីរុសអូមីក្រុង JN.1 នៅតែជាជំងឺឆ្លងលេចធ្លោនៅប្រទេសថៃ ដែលមានប្រហែល ៦៥ ភាគរយនៃករណីឆ្លងកូវីដ តាមពីក្រោយដោយប្រភេទរង XEC និង LP.B.1។ សង្ក្រាន្តជាពិធីបុណ្យលេងទឹកដ៏ពេញនិយមរបស់ថៃ ដែលទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ជាធម្មតាមានរយៈពេលជិតមួយសប្តាហ៍។
ទោះបីជាមានការពេញនិយមក៏ដោយ សង្ក្រាន្តត្រូវបានអាជ្ញាធរចាត់ទុកថា ជាថ្ងៃគ្រោះថ្នាក់ទាំង ៧ អស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីបង្ហាញពីហានិភ័យសុវត្ថិភាពចរាចរណ៍ដែលកើនឡើងក្នុងកំលុងពេលប្រារព្ធពិធីនេះ។ តួយ៉ាង យ៉ាងហោចណាស់មនុស្ស ១០០ នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ ថ្ងៃដំបូងនៃពិធីបុណ្យសង្ក្រាន្ត ដែលចាប់ផ្តើមកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ៕




ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា