ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននិងសិស្សនិស្សិតឱ្យបានជ្រាបថា ក្រសួង នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតថ្នាក់តំបន់ នៅប្រទេសថៃ។
អត្ថប្រយោជន៍នៃការប្រកួតប្រជែង
- ជ័យលាភីលេខ ១ នឹងទទួលបានថវិកាចំនួន ២,០០០,០០០ រៀល
- ជ័យលាភីលេខ ២ នឹងទទួលបានថវិកាចំនួន ១,៥០០,០០០ រៀល
- ជ័យលាភីលេខ ៣ នឹងទទួលបានថវិកាចំនួន ១,០០,០០០ រៀល
- ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានថវិកាក្នុងម្នាក់ចំនួន ៥០០,០០០ រៀល។
- ក.ប.ទ. នឹងធ្វើការជ្រើសរើសបេក្ខជន បេក្ខនារីចំនួន ១៥រូប បន្ថែមពីលើបេក្ខជនជ័យលាភីចំនួន ៥រូប ខាងលើ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៤ខែ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតវគ្គបន្ទាប់។
- បេក្ខជន បេក្ខនារីឆ្នើមចំនួន ៤រូប ក្នុងចំណោមបេក្ខភាពទាំង ២០រូបខាងលើ នឹងត្រូវជ្រើសរើសដោយការប្រឡងតេស្តសមត្ថភាព ដើម្បីក្លាយជាតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងក្នុងថ្នាក់តំបន់ នៅប្រទេសថៃ។
កាលបរិច្ឆេទ និងនីតិវិធីនៃការជ្រើសរើស
- បេក្ខជន បេក្ខនារីទាំងអស់ត្រូវដាក់ពាក្យចូលរួមការប្រកួតប្រជែងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/cncc2025 ឬ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២៣:៥៩ នាទី
- បេក្ខជន បេក្ខនារីទាំងអស់នឹងត្រូវឆ្លងកាត់ការជម្រុះតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ព័ត៌មាននៃការជម្រុះនឹងត្រូវជូនដំណឹងតាមរយៈអ៊ីម៉ែល
- បេក្ខជន បេក្ខនារីចំនួន ១០០រូប ដែលបានជាប់ដំណាក់កាលជម្រុះ នឹងត្រូវបានទាក់ទងដើម្បីចូលរួម កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូម សាធារណជន និងសិស្សនិស្សិត ជ្រាបជាព័ត៌មាន និងចូលរួមដាក់ពាក្យចូលរួមប្រកួតប្រជែងឱ្យបានច្រើនកុះករ។
សម្រាប់ព័ត៌មានបន្ថែម 015 520 707/ 099 496 767


ដោយ ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។