មកដឹងពីសារសំខាន់នៃចំណតផែរណបពហុបំណង UM២ ដែលស្ថិតនៅ​ដងទន្លេមេគង្គលើ​

ភ្នំពេញ៖ លើបណ្ដាញសង្គមហ្វេសផ្លូវការនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥​អមដោយរូបភាពជាច្រើនសន្លឹក កំពង់​ផែ​ស្វយ័ត​ភ្នំពេញបានធ្វើការ​អធិប្បាយទាក់ទងនឹងចំណតផែរណបពហុបំណង UM២ ដែលស្ថិតនៅខេត្ត​ចំនួនពីរជាប់ដង ទន្លេមេគង្គលើ។

ចំណតផែរណបពហុបំណង UM២ គឺជាផែរណបរបស់កំពង់ផែស្វយ័ត​ភ្នំពេញ​ស្ថិតនៅតាមដងទន្លេមេគង្គ​លើក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប់ខេត្តកំពង់ចាម។ ចំណតផែរណបនេះ ជាទីតាំងយុទ្ធសាស្រ្តនៃការដឹកជញ្ជូន ដែលបានត​ភ្ជាប់​ផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់ខេត្តភាគខាងជើង និងឦសាន​នៃប្រទេសកម្ពុជាទៅកាន់តំបន់​ភាគខាង​ត្បូងនៃប្រទេសកម្ពុជា និងនាំចេញទៅ​ប្រទេសវៀតណាម។

ចំណតផែរណបពហុបំណង UM២ជាផែរណបមួយ ក្នុងចំណតផែរណប​ចំនួនបីរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលសម្ពោធ​ដាក់ឱ្យប្រើប្រាស់កាលពី​សុក្រទី១២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹក​ជញ្ជូន​។ចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ។ចំណតផែរណបពហុបំណងទាំងបីទីតាំងនេះបម្រើឱ្យប្រតិបត្តិការ​ផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។

ចំណតផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។ ចំណត​ផែរណបពហុបំណង UM២ គឺកើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ១៦,៣ ហិកតា។ គោលបំណងនៃ​ការបង្កើតចំណត ផែរណបពហុបំណង UM២ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ចំណីសត្វ សសរគ្រឹះបេតុង ដែក កៅស៊ូ ស្រូវ ផលិតផល​កសិផលផ្សេងទៀត។ ចំណតផែ​រណបពហុបំណង UM២ ក៏ជាចំណតផែទន្លេដែលមាន​សក្តានុពល​ខ្ពស់ សម្រាប់បម្រើ​ឱ្យសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់នៅតំបន់ជុំវិញតាម​ដង​ទន្លេមេគង្គលើ ដើម្បីធ្វើការនាំចេញទៅ​ក្រៅប្រទេស និងនាំចូល​ទំនិញពីខាង​ក្រៅមកចំណតផែរណបនេះវិញ។ បន្ថែមពីនេះ ចំណតផែរណបពហុបំណងនេះ នឹងចូលរួមចំណែកកាត់​បន្ថយថ្លៃដឹកជញ្ជូនទំនិញ និងការខូចខាតផ្លូវថ្នល់។

ចំណែកចំណតផែរណបពហុបំណងពីរទៀតគឺ ចំណតផែរណបពហុបំណង​TS១១ មានទីតាំងស្ថិតនៅ​សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ៤ ហិកតា។ គោលបំណងនៃ​ការបង្កើត​ចំណតផែរណបពហុបំណង TS១១ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើក​ដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ដែក ថ្មម៉ាប ដំឡូងមី។ល។

រីឯចំណតផែរណបពហុបំណង LM២៦ មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដី ទំហំ ១៨,៦ ហិកតា។ គោលបំណង​នៃការបង្កើតចំណតផែរណបពហុបំណង LM២៦ គឺដើម្បីបម្រើដល់​ប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ធ្យូងថ្ម ទំនិញកសិផល ដូចជា ស្រូវ អង្ករ ពោត ដំឡូងមី កៅស៊ូ ម្រេច ជា​ដើម៕
ដោយ៖មុនី
រូបថត៖កំពង់ផែស្វយ័តភ្នំពេញ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner