រយៈពេលជាងមួយខែនៃរដូវលក់ផ្លែគុយ ពលរដ្ឋ អាចរកចំណូលចាប់ពីជាង ១លាន ដល់ជិត ៣លានរៀល

(កំពង់ធំ)៖ ចាប់ពីពាក់កណ្តាល ខែ មីនា មក ផ្លែគុយ ដែលជាប្រភេទផ្លែឈើព្រៃ គេនិយមបរិភោគនោះចាប់ផ្តើមមានជាបណ្តើរៗហើយ និងពិសេសអំឡុងបុណ្យចូលឆ្នាំខ្មែរគឺរដូវផ្លែគុយចាប់ផ្តើមទុំ និងសម្បូរច្រើនបំផុត ដែលជាឱកាសល្អសម្រាប់បងប្អូនពលរដ្ឋ លក់ផ្លែគុយដើម្បីរកចំណូលនាមួយរដូវកាលនេះ។

ផ្លែគុយសម្បូរដុះច្រើននៅភ្នំគូលែន ក្នុងខេត្ត សៀមរាប ខេត្ត កំពង់ធំ និង បណ្តាខេត្តមួយចំនួនទៀតនៅប្រទេសកម្ពុជា។ដោយសារតែរស់ជាតិរបស់ផ្លែឈើប្រភេទនេះជូរអែមឆ្ងាញ់ពិសារ និងពិសេសមានក្លិនក្រអូបជាប់មាត់ផងទើបធ្វើឱ្យមនុស្សជាច្រើនជាប់ចិត្ត នឹង ផ្លែឈើព្រៃ ប្រភេទនេះណាស់។

ដើមគុយជា ប្រភេទ រុក្ខជាតិវល្លិ៍ តោងឡើងតាមរុក្ខជាតិដទៃទៀត។វា មាន ផ្លែ ទំហំ តូច ធំ ទៅតាមប្រភេទពូជរបស់វា ដោយជាមធ្យមមាន ទំហំ ប៉ុន កដៃកូនក្មេងតូចៗទើបនឹងកើត។ពេលនៅខ្ចីផ្លែរបស់វាមានពណ៌បៃតងខ្ចី។នៅពេលទុំ មានពណ៌លឿងខ្ចី និងខ្លះលឿងទុំស្រាល។

ផ្លែគុយសម្បករបស់វាទោះមានជ័រពណ៌ស និងគ្រាប់ច្រើនក្តីតែក៏មនុស្សជាច្រើនជាប់ចិត្ត ជាមួយផ្លែឈើកម្រមួយនេះដែរ។រុក្ខជាតិព្រៃមួយប្រភេទនេះតែងផ្តល់ផលចាប់ពីខែកុម្ភៈដល់ខែឧសភា ពោលគឺចំរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាឱកាសនៃការ រកប្រាក់ពីការលក់ផល្លានុផលមួយនេះ។

អ្នកស្រី ជុំ សុខនី រស់នៅ ភូមិ ត្រពាំងឬស្សី ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលកំពុងអង្គុយលក់ផ្លែគុយ នៅដងផ្លូវជាតិលេខ៦ ពី ខេត្ត កំពង់ធំ មកកាន់ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថាគិតចាប់ពីចុងខែមីនាមកដល់ពាក់កណ្តាលដើមខែមេសា ឆ្នាំ ២០២៥នេះអ្នកស្រីបានលក់ផ្លែគុយបានមិនទាបជាង ២០០ទៅ៤០០ គីឡូក្រាមទេ។សម្រាប់ប្រាក់កម្រៃវិញក្នុងមួយរដូវផ្លែគុយនេះគឺអាចរកប្រាក់ចំណេញបានប្រមាណ២លានរៀល។

ជាមួយគ្នានេះ អ្នកស្រី សេង បុប្ភា ដែលកំពុងអង្គុយលក់ផ្លែគុយនៅ ឃុំ ត្រពាំងឬស្សី នេះដែរបានប្រាប់ថា៖ផ្លែគុយដែលអ្នកស្រីបានដាក់លក់នេះគឺមួយចំនួនបានបេះនៅព្រៃសហគមន៍ និងមួយចំនួនទៀតបានទទួលទិញពីអ្នកភូមិដូចគ្នាដើម្បីលក់បន្ត។

ស្រ្តីដែលលក់ផ្លែគុយមិនតិចជាង១០ឆ្នាំមកនេះបានប្រាប់ឱ្យដឹងបន្ថែមថាទីផ្សារផ្លែគុយឆ្នាំនេះមាន តម្លៃ ចាប់ពី១៥០០០រៀល រហូតដល់ពីរ២៥០០០រៀល ក្នុងមួយគីឡូក្រាម។ក្នុងមួយថ្ងៃអ្នកស្រីអាចលក់បានចាប់ពី២០គីឡូ ក្រាមឡើងទៅ។ផ្លែគុយនេះដែរលក់ដាច់បំផុតអំឡុងពិធីបុណ្យចូលឆ្នាំ និងក្រោយពិធីបុណ្យចូលឆ្នាំក៏លក់ដាច់ផងដែរនៅពេលដែលអ្នកទេសចរវិលត្រឡប់ទៅផ្ទះវិញ។

ស្រ្តីរូបនេះបានប្រាប់ឱ្យដឹងផងថា៖”រដូវលក់ផ្លែគុយនេះគឺពលរដ្ឋដែលជាអ្នកភូមិតែងនាំគ្នាមកដាក់លក់តាមផ្លូវដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសាររបស់គេរៀងៗខ្លួន។ក្នុងមួយរដូវផ្លែគុយនេះដែរគេអាចរកចំណូលបានប្រមាណជាង១លានរៀលដល់៣លានរៀល ឃើញថាប្រាក់កម្រៃច្រើនគួរសមដែរ”។

អ្នកស្រី សួង វី កំពុង អង្គុយលក់ផ្លែគុយនេះដែរបានឱ្យដឹងថាផ្លែគុយនេះអ្នកស្រីបានទិញពីគេមកលក់បន្តដោយក្នុងនេះអាចលក់បានក្នុងមួយថ្ងៃអាចរកប្រាក់ចំណូលប្រមាណ១០ម៉ឺនរៀលផងដែរ។ផ្លែគុយនេះពេលទិញមកត្រូវជ្រើសរើសដែរពីព្រោះថាកាលណាទិញមកមិនសូវល្អ ឬខូចច្រើន ធ្វើឱ្យមិនសូវចំណេញទេ ហើយពេលខ្លះទៀតត្រូវលក់ខាតដើម ថែមទៀត ។

ជារៀងរាល់រដូវផ្លែគុយ ពលរដ្ឋរស់នៅ ខេត្តកំពង់ធំ សៀមរាបតែងនាំគ្នាមកដាក់លក់ ផ្លែគុយជាហូរហែ ក្នុងនេះអ្នកខ្លះដាក់លក់លើតុឈើ លើគ្រែ និងកៅអី នូវផ្លែគុយ ដែលខ្លះមានចងជាចង្កោម ខ្លះដាក់ក្នុងចានជាដើមសម្រាប់ទុកលក់ឱ្យអ្នកទេសចរ ឬពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវ។

គួរបញ្ជាក់ថា ដើមគុយជារុក្ខជាតិវល្លិ៍ភាគច្រើនដុះនៅតាមតំបន់ព្រៃដែលមានដើមឈើធំៗនិងតាមតំបន់ភ្នំជាដើម ។ ដើមគុយសម្បូរ ដុះនៅ ខេត្តកំពង់ធំ សៀមរាប កោះកុង និងខេត្តស្ទឹងត្រែងជាដើម ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner