លោក Trump ដកទិដ្ឋាការនិស្សិតបរទេសជាង ១.០០០ នាក់ ឈប់ឱ្យរៀននៅអាមេរិក

វ៉ាស៊ីនតោន ៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump បានដកហូតទិដ្ឋាការសិស្ស-និសិត្សបរទេសរាប់រយនាក់ស្ទើរតែទូទាំងប្រទេស ជាផ្នែកមួយនៃការបង្រ្កាបជនអន្តោប្រវេសន៍ដ៏ធំ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

យោងតាមសេចក្តីថ្លែងការណ៍ និង អ្នកនាំពាក្យរបស់សាកលវិទ្យាល័យអាមេរិក បានឱ្យដឹងថា និស្សិតអន្តរជាតិជាង ១.០០០ នាក់ និង និស្សិតបញ្ចប់ការសិក្សាថ្មីៗនៅតាមសាលារៀនជាង ១៣០ ទូទាំងសហរដ្ឋអាមេរិក ត្រូវបានដកហូតទិដ្ឋាការរបស់ពួកគេនៅឆ្នាំនេះ ចេញពីប្រព័ន្ធព័ត៌មានសិស្ស និង Exchange Visitor Information System ជាប្រព័ន្ធទិន្នន័យលើអ៊ីនធឺណិត ដែលតាមដាន និងរក្សាទុកព័ត៌មានអំពីស្ថានភាពទិដ្ឋាការ និងសកម្មភាពរបស់និស្សិតអន្តរជាតិនៅសហរដ្ឋអាមេរិក។

មហាវិទ្យាល័យ និងសាកលវិទ្យាល័យក្នុងរដ្ឋចំនួន ៤០ របស់សហរដ្ឋអាមេរិក បានបញ្ជាក់ពីការដកហូតទិដ្ឋាការ និងស្ថានភាពសិស្សរបស់ពួកគេទៅកាន់ទូរទស្សន៍ CNN។ និស្សិតដែលរងផលប៉ះពាល់ភាគច្រើន ជាអ្នកដែលបានចូលរួមតវ៉ានៅបរិវេណសាកលវិទ្យាល័យដែលគាំទ្រប៉ាឡេស្ទីន។ ប៉ុន្តែមន្ត្រីសាកលវិទ្យាល័យបាននិយាយថា អ្នកផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងការតវ៉ា ក៏ទទួលរងការលុបចោលទិដ្ឋាការផងដែរ ដោយគ្មានការពន្យល់។

មន្ត្រីសហព័ន្ធមិនបានបញ្ជាក់ពីមូលហេតុ ដែលទិដ្ឋាការរបស់និស្សិតបរទេសជាច្រើនត្រូវបានដកហូតនោះទេ ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយម្តងហើយម្តងទៀតថា អាកប្បកិរិយាមួយចំនួន រួមទាំងការចូលរួមតវ៉ានានា នឹងមិនត្រូវបានអត់ឱនឡើយ។ លោក Rubio បាននិយាយថា ពួកគេនៅទីនេះដើម្បីទៅរៀន… ពួកគេមិននៅទីនេះដើម្បីដឹកនាំចលនាសកម្មជនដែលបង្កការរំខាន និង ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាកលវិទ្យាល័យរបស់យើងទេ។

យ៉ាងណា ខណៈពេលដែលនិសិត្សបរទេសជាច្រើនមិនបានទទួលចម្លើយត្រង់ៗពីសេតវិមាន និង ក្រសួងសន្តិសុខមាតុភូមិ អំពីការដកហូតទិដ្ឋាការរបស់ពួកគេនោះ ពាក្យប្តឹងសហព័ន្ធថ្មីមួយប្រឆាំងនឹងរដ្ឋបាលលោកប្រធានាធិបតី Trump បានស្វែងរកការបញ្ឈប់ការដកហូតទិដ្ឋាការនិសិត្សបរទេស និង ដាក់ឱ្យប្រើប្រាស់ឡើងវិញនូវទិដ្ឋាការដែលត្រូវបានដកហូតរួចហើយ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner