ត្រាំថាអ៊ុយក្រែនចុះកុងត្រារ៉ែ នៅថ្ងៃព្រហស្បតិ៍ក្រោយ

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងរ៉ែកម្រអ៊ុយក្រែន នឹងត្រូវចុះហត្ថលេខា នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយនេះហើយ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ស្តីពីការទាញយករ៉ែជាយុទ្ធសាស្ត្រ របស់ប្រទេស ដែលរងគ្រោះដោយសារសង្រ្គាមនេះ អាចនឹងឈានដល់សប្តាហ៍ក្រោយ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ទៀតថា «យើងមានកិច្ចព្រមព្រៀងរ៉ែមួយ ដែលខ្ញុំគិតថា នឹងត្រូវចុះហត្ថលេខា នៅថ្ងៃព្រហស្បតិ៍… ថ្ងៃព្រហស្បតិ៍ខាងមុខនេះ»។

គួរបញ្ជាក់ថា រដ្ឋាភិបាលលោក Donald Trump នៅតែមានផែនការគ្រប់គ្រងរ៉ែអ៊ុយក្រែន តម្លៃរាប់ពាន់លានដុល្លារអាមេរិក ជាថ្នូរនឹងការជួយអ៊ុយក្រែន តបតនឹងប្រទេសរុស្ស៊ី និង សន្យាថា នាំមកនូវការបញ្ចប់សង្គ្រាម ដែលបានអូសបន្លាយ ជាង៣ឆ្នាំមកនេះ។

គួររម្លឹកដែរថា ទីក្រុង Kyiv និង Washington ធ្លាប់បានខិតជិតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ នេះ ម្តងរួចមកហើយ ប៉ុន្តែ ក៏មានការប៉ះទង្គិចគ្នា ដោយពាក្យសម្តី រវាងលោក Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីខែកុម្ភៈ ដែលបានបង្អាក់ការងារជាបណ្តោះអាសន្ន លើកិច្ចព្រមព្រៀងរ៉ែ។ នេះគឺជាការប៉ុនប៉ងដើម្បីឲ្យអាមេរិក ទាញយកធ្វើអាជីវកម្មរ៉ែ ដែលគេជឿថា មានសារៈសំខាន់ខ្លាំង ក្នុងវិស័យបច្ចេកវិទ្យា ជាពិសេស៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner