ស្ពានចិនខ្ពស់បំផុតក្នុងលោក តម្លៃ ២៨០ លានដុល្លារ ត្រៀមបើកដំណើរការ ២ ខែទៀត
ប៉េកាំង ៖ ប្រទេសចិនត្រៀមបើកដំណើរការស្ពានខ្ពស់ជាងគេនៅលើពិភពលោកក្នុងខែមិថុនាខាងមុខ ដោយវាជាសំណង់បំបែកឯតទគ្គកម្មចាយលុយច្រើនបំផុតដល់ទៅ ២៨៣ លានដុល្លារ និង មានកម្ពស់រហូតដល់ ៦២៥ ម៉ែត្រពីលើអន្លង់ Huajiang ខេត្ត Guizhou។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។
សារព័ត៌មាន “Popular Science” បានឱ្យដឹងថា ស្ពាន Huajiang Canyon ឆ្លងកាត់ទន្លេ Beipan នេះ ចាយពេលសាងសង់ដល់ទៅ ៣ ឆ្នាំ ហើយស្ពាននេះនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរច្រើនរវាងតំបន់ភ្នំចំនួនពីរ ពោលគឺពីជាងមួយម៉ោងមកត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
ប្រធានវិស្វករសាងសង់ស្ពាន លោក Li Zhao បាននិយាយថា ស្ពានខ្ពស់ជាងគេក្នុងលោកនេះ ត្រូវបានរំពឹងថា នឹងក្លាយជាគោលដៅទាក់ទាញទេសចរណ៍ដ៏មានសក្តានុពលមួយ ដោយសារទិដ្ឋភាពដ៏ធំទូលាយនៃទេសភាពជ្រលងភ្នំ ដូច្នេះលោកមានមោទនភាពចំពោះគម្រោងនេះ និងការរួមចំណែករបស់វា នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។
គួរកត់សម្គាល់ថា ប្រទេសចិនមានស្ពានខ្ពស់បំផុតចំនួន ៨ ក្នុងចំណោមស្ពានទាំង ១០ នៅលើពិភពលោករួចហើយ។ ម្ចាស់កំណត់ត្រាបច្ចុប្បន្ន គឺស្ពាន Duge ដែលមានទីតាំងនៅខេត្ត Guizhou មានកម្ពស់ដល់ទៅ ៥៦៥ ម៉ែត្រពីលើទន្លេ Beipan បើធៀបនឹងស្ពាន Huajiang Canyon ថ្មីនេះវិញ វាខ្ពស់ជាង ៦០ ម៉ែត្រ៕
ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា