Zelensky ចោទបេសកជនរបស់ Trump ថា គប់គិតជាមួយរុស្ស៊ី យកដីអ៊ុយក្រែន

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់បេសកជនអាមេរិក លោក Steve Witkoff ថា បានគប់គិតជាមួយរុស្ស៊ី បន្ទាប់ពីមនុស្សនិតរបស់លោក Trump រូបនេះ បានស្នើឱ្យមានកិច្ចព្រមព្រៀងសន្តិភាព តែឲ្យរុស្ស៊ីគ្រប់គ្រងទឹកដីខ្លះ របស់អ៊ុយក្រែន នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃសុក្រនេះ។

លោក Zelensky បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា លោក Witkoff បានយកយុទ្ធសាស្ត្ររបស់ភាគីរុស្ស៊ី ដែលបង្កគ្រោះថ្នាក់ខ្លាំងណាស់ ហើយចោទថា លោក Witkoff អាចបានដឹងថា ខ្លួនកំពុងជួយផ្សព្វផ្សាយការឃោសនារបស់រុស្ស៊ី តែក៏អាចថា លោក Witkoff ធ្វើដោយមិនដឹងខ្លួន ផងដែរ។

លោក Zelensky បន្តថា ក្នុងអាណត្តិចរចានេះ លោកមិនដែរឃើញ លោក Witkoff ពិភាក្សាអំពីទឹកដីអ៊ុយក្រែន និងអនាគតប្រជាជនអ៊ុយក្រែន ឡើយ ដូច្នេះ លោកថា មិនយល់ពីអ្វីដែល លោក Witkoff កំពុងធ្វើទាល់តែសោះ។

ការចោទប្រកាន់នេះ បានកើតឡើង ក្រោយពេលដែលលោក Witkoff បានប្រាប់ Fox News កាលពីថ្ងៃចន្ទថា ដំណោះស្រាយសន្តិភាព គឺស្ថិតនៅលើ ដែនដីចំនួន៥ រួមមាន Donetsk, Lugansk, Zaporizhzhia, Kherson និង Crimea ដែលរុស្ស៊ីអះអាងថា បានបញ្ចូល ការគ្រប់គ្រង។

វិមានក្រឹមឡាំង ចង់ឱ្យការទាមទាររបស់ខ្លួនជុំវិញតំបន់ទាំងនេះ ត្រូវបានទទួលស្គាល់ ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ តែ ជាសំណើដែលអ៊ុយក្រែនបានជំទាស់ដាច់ណាត់។ ទីក្រុង មូស្គូ មិនគ្រប់គ្រងទាំងស្រុងលើទឹកដីទាំងនេះទេ លើកលែងតែតំបន់ គ្រីមៀ ដែលខ្លួនបានរឹបអូស ក្នុងឆ្នាំ២០១៤។

គួរបញ្ជាក់ថា លោក Witkoff បានជួបលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី នៅក្នុងទីក្រុង Saint Petersburg កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដែលជាជំនួបលើកទីបី របស់លោកជាមួយមេដឹកនាំរុស្ស៊ី ក្នុងរយៈពេលពីរខែ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់បទឈប់បាញ់ នៅក្នុងសង្រ្គាម រយៈពេលបីឆ្នាំ មកនេះ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner