អភិ​បាលខេត្តកំពង់ចាម ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងអ្នក​ពាក់​ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ចដំណើរ​ការសង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលលទ្ធផលល្អប្រសើរ

អត្ថបទដោយ៖
លី ពៅ

(ខេត្តកំពង់ចាម)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណ និងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។ ការថ្លែងយ៉ាងដូច្នេះ នាឱកាស ឯកឧត្ដម អភិបាលខេត្ត អញ្ជើញជាអធិបតី ជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំរៀបចំកម្ម​វិធីបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បី ឧទ្ទិសកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញ្ញាណ ហ៊ុន ណេង ដែលបានរៀបចំនៅសាល​ប្រជុំសាលា នាព្រឹកថ្ងៃទី១៨ មេសា ឆ្នាំ២០២៥ នេះ។

ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា លទ្ធផលជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេល ៣ថ្ងៃ នេះ ដោយរាប់គិតចាប់តាំងពីថ្ងៃចាប់ផ្ដើម រហូតដល់ថ្ងៃបញ្ចប់ទៅ គឺបានមកពី កត្តាឯកភាព និងកត្តាសាមគ្គីភាព ។ យ៉ាងណាមិញ ការរៀបចំព្រឹត្តិការណ៍លៀសហាល ប្រវែង ១.០០០ម៉ែត្រ ទម្ងន់ ៣តោន បានដំណើរការល្អប្រសើរទៅបាន អាស្រ័យដោយ មានពីការរួមចំណែក ពីគ្រប់សមាសភាព ទាំងអាជ្ញាធរ មន្ទីរ អង្គភាព ស្ថាប័ន និងប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋាន ផងដែរ ។

ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បញ្ជាក់បន្ថែមថា លៀសហាល វាគ្រាន់តែ ជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗទៀត ប៉ុណ្ណោះ ប៉ុន្តែ វាបានឆ្លុះបញ្ចាំង អំពីកត្តាឯកភាព និងកត្តាសាមគ្គីភាព ដែលបានមកពីកិច្ចសហការ និងការរួមចំណែក ពីតួអង្គពាក់ព័ន្ធទាំងអស់ រហូតដល់នាឆ្នាំនេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវចូលរួមលេងកំសាន្ត ប្រមាណជា ជិត ៣លាននាក់ និងជាខេត្តជាប់ចំណាត់ថ្នាក់លេខ ៣ នៅទូទាំងប្រទេស បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ផងដែរ៕

ដោយ ៖ លី ពៅ

ads banner