លោក Zelensky ទិញប្រព័ន្ធការពារមីស៊ីល ១០ គ្រឿងស្អំចិត្តលោក Trump
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា អ៊ុយក្រែនចង់ទិញប្រព័ន្ធខែលការពារមីស៊ីលប៉ាទ្រីយ៉ូតយ៉ាងហោចណាស់ ១០គ្រឿងពីរដ្ឋបាលលោក ដូណាល់ ត្រាំ ទុកការពារប្រឆាំងការវាយប្រហាររបស់រុស្ស៊ី។

ប៉ាទ្រីយ៉ូត គឺជាប្រព័ន្ធខែលការពារមីស៊ីលមានតម្លៃថ្លៃបំផុតដែលសហរដ្ឋអាមេរិកបានផ្គត់ផ្គង់ដល់អ៊ុយក្រែន នេះបើយោងតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។
វាត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃសរុបមានប្រហែល ១.១ ពាន់លានដុល្លារក្នុងមួយគ្រឿង ក្នុងនោះ ៤០០ លានដុល្លារសម្រាប់ប្រព័ន្ធ និង ៦៩០ លានដុល្លារសម្រាប់មីស៊ីល។
លោក ហ្សេលេនស្គី បានប្រាប់សន្និសីទកាសែតនៅទីក្រុងកៀវថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទិញប្រព័ន្ធខែលការពារមីស៊ីលយ៉ាងហោចណាស់ ១០គ្រឿង។ ខ្ញុំបានប្រាប់លោកប្រធានាធិបតី ត្រាំ អំពីរឿងនេះ ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ។
មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា លោក ត្រាំបានប្រាប់គាត់វិញថា អាមេរិកនឹងធ្វើការលើសំណើនេះ ប៉ុន្តែរហូតមកទល់ពេលនេះ លោកមិនទាន់ទទួលបានព័ត៌មានត្រលប់នោះទេ។
អ៊ុយក្រែនតែងតែទទូចអង្វរសុំសព្វាវុធទំនើបនេះពីសម័្ពន្ធមិត្ត ដើម្បីទប់ទល់នឹងការវាយប្រហារមីស៊ីលរបស់រុស្ស៊ី៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
