ឯកឧត្តម វ៉ាង វិនពីង ៖ ចិនសន្យាបង្កើនការនាំចូលកសិផលមានគុណភាពពីកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ចិនសន្យានាំចូលកសិផលមានគុណភាពខ្ពស់របស់កម្ពុជាអោយកាន់តែច្រើនឡើងបន្ថែមទៀត ខណៈដែលកន្លងមក ចិនបាននាំចូលផលិតផលកសិកម្មមួយចំនួនរួចហើយ ដូចជាចេកអំបូងលឿង ស្វាយកែវរមៀត គ្រាប់ចន្ទី ត្រី តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង អសិប ជាដើម។

ឯកឧត្តម វ៉ាង វិនពីង បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនេះ ក្នុងគោលបំណងបង្ហាញអំពីលទ្ធផលក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម ស៊ី ជីនពីង ប្រធានា ធិបតីសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជារយៈពេល ២ថ្ងៃកន្លងទៅ កាលពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តម វ៉ាង វិនពីង បន្តថា ទាក់ទិននឹងការវិនិយោគ ភាគីចិនក៏សន្យាផងដែរថា នឹងផ្សព្វផ្សាយ ក៏ដូចជាជម្រុញអោយវិនិយោគិនចិន បន្ត និង បន្ថែមការវិនិយោគនៅកម្ពុជាអោយបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ផល ប្រយោជន៍អោយគ្នាទៅវិញទៅមក។

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា ក្រោមការឯកភាពជាយុទ្ធសាស្ត្រកម្រិតខ្ពស់ ប្រទេសទាំង២ដោយគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយយន្តការគ្រប់គ្រងរួម និងការអនុវត្តផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ជាចំនុចចម្បង ភាគីទាំង២នឹងបន្តជម្រុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ដែលមានវិស័យអទិភាពចំនួន៦ និង ពន្លឿនការកសាង”ច្រករបៀងឧស្សហកម្ម និង បច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និង អង្ករ” ព្រមទាំងពង្រឹងទំនុកចិត្តនយោបាយអោយកាន់តែខ្ពស់ និង ពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner