ឯកឧត្តម វ៉ាង វិនពីង ៖ ចិនលើកទឹកចិត្តដល់សហគ្រិន និង ក្រុមហ៊ុនចិនវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលចិនលើកទឹកចិត្តដល់ក្រុមហ៊ុន និងសហគ្រាសចិន ឱ្យវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែច្រើនឡើង ជាពិសេសបង្កើនការនាំចូលផលិតផលកសិកម្មពីកម្ពុជាចូលទីផ្សារចិន។

ថ្លែងប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៩ ខែមេសានេះ ឯកឧត្តម វ៉ាង វិនពីង បានគូសបញ្ជាក់ថា ការកើនឡើងការវិនិយោគរបស់ចិននៅកម្ពុជា បានឆ្លុះបញ្ចាំងពីភាពជាដៃគូសេដ្ឋកិច្ចដែលកំពុងវិវត្ត និងកាន់តែខ្លាំងឡើងរវាងចិន-កម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកត្តាចម្បងដែលលើកទឹកចិត្តដល់អ្នកវិនិយោគចិនកាន់តែច្រើនមកកម្ពុជាផងដែរ។

៣០ឆ្នាំមកនេះ ចិនបានក្លាយទៅជាអ្នកវិនិយោគដ៏ធំ និងមានឥទ្ធិពលបំផុតមួយរបស់កម្ពុជា ដែលជំរុញឱ្យមានការរីកចម្រើនលើវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ផលិតកម្ម ថាមពល និងកសិកម្ម។

តួយ៉ាង ក្នុងឆ្នាំ ២០២៤ ការនាំចេញរបស់កម្ពុជាទៅចិន មានទំហំទឹកប្រាក់ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤% ខណៈកម្ពុជានាំចូលពីចិន មានទឹកប្រាក់ ១៣,៣៣ ពាន់លានដុល្លារ កើនឡើង ២៤,៦% បើធៀបកាលពីឆ្នាំ ២០២៣ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner