ផ្ទុះបាតុកម្មថ្មីប្រឆាំងលោក Trump
វ៉ាស៊ីនតោន ៖ បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍ នៅតាមបណ្តាទីក្រុងធំៗទូទាំងសហរដ្ឋអាមេរិក មានដូចជាញូវយ៉ក និង វ៉ាស៊ីនតោនជាដើម ដើម្បីធ្វើបាតុកម្មជុំទីពីរប្រឆាំងលោក ដូណាល់ ត្រាំ និង គោលនយោបាយដ៏រឹងរូសរបស់គាត់។
នៅទីក្រុងញូវយ៉ក បាតុករបានប្រមូលផ្តុំ គ្នានៅខាងក្រៅបណ្ណាល័យសំខាន់របស់ ទីក្រុង ដោយកាន់សញ្ញាសំដៅទៅលើលោកប្រធានាធិបតីអាមេរិក ត្រាំ ជាមួយនឹងពាក្យស្លោកថា គ្មានស្តេចក្រាញ់នៅអាមេរិកទេ ឬ
“No Kings in America” ។
បាតុករជាច្រើនទៀតបានផ្តោតលើការនិរទេសជនចំណាកស្រុកដែលគ្មានឯកសាររបស់លោក ត្រាំ ដោយស្រែកថា “គ្មាន ICE គ្មានការភ័យខ្លាច ហើយជនអន្តោរប្រវេសន៍ត្រូវបានស្វាគមន៍នៅទីនេះ។
នៅទីក្រុងវ៉ាស៊ីនតោន ក្រុមអ្នកតវ៉ាបានសម្តែងការព្រួយបារម្ភថា លោកប្រធានាធិបតី ត្រាំ កំពុងគំរាមកំហែងដល់បទដ្ឋានរដ្ឋធម្មនុញ្ញ ដែលត្រូវបានគោរពជាយូរមកហើយ រួមទាំងសិទ្ធិបញ្ចេញមតិផងដែរ។
ជាមួយគ្នានេះ អ្នករៀបចំបាតុកម្មសង្ឃឹមថា នឹងប្រើប្រាស់ការអាក់អន់ចិត្ត ចំពោះការបង្រ្កាបជនអន្តោប្រវេសន៍របស់លោក ត្រាំ ការកាត់បន្ថយបុគ្គលិកភ្នាក់ងាររដ្ឋាភិបាល និងការគាបសង្កត់លើសាកលវិទ្យាល័យដកទិដ្ឋាការនិសិត្សបរទេស ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងក្រុមហ៊ុនច្បាប់ជាដើម ក្នុងគោលបំណងបង្កើតចលនាតវ៉ាយូរអង្វែង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា



