ស្វាយចន្ទីកំពង់ធំ កំពុងក្លាយជាផលិតផលសំខាន់សម្រាប់កសិករ

(កំពង់ធំ)៖ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសតូច និងមធ្យមកម្ពុជា (FASMEC) ឯកឧត្តម អ៊ុក គីមសាន អភិបាលរងខេត្តព្រះវិហារ ព្រមទាំង ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីជាន់ខ្ពស់នានា ប្រធានសហពន្ធស្វាយចន្ទី ប្រធានសមាគមដាំដុះស្វាយចន្ទីកម្ពុជា ប្រធានសមាគមស្វាយចន្ទី មន្ត្រីជំនាញ ម្ចាស់សិប្បកម្មក្នុងខេត្តកំពង់ធំ និងបងប្អូនប្រជាកសិករជាច្រើនរូប។

ឯកឧត្តម ងួន រាសី បានបញ្ជាក់ថា ក្នុងខេត្តកំពង់ធំ កំពុងមានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួនសរុប ១២ ទីតាំង ដែលក្នុងនោះ រោងចក្រ ៣ ទីតាំង និងសិប្បកម្ម ៩ ទីតាំង អាចស្តុកទិន្នផលបានរហូតដល់ ១៨,១៩៥ តោនក្នុងរយៈពេល ១ ឆ្នាំ។

បន្ថែមពីនេះ ឯកឧត្តមបានផ្តល់អនុសាសន៍ថា ដើម្បីបង្កើនទិន្នផលនៃដំណាំស្វាយចន្ទី គួរតែផ្តោតលើការកែលម្អសមត្ថភាពកសិករនៅផ្នែកបច្ចេកទេសគ្រប់គ្រងដំណាំ ការជំរុញឱ្យប្រើពូជដែលមានគុណភាពខ្ពស់ មានទិន្នផលល្អ និងអាចធន់នឹងបរិស្ថានអាក្រក់។

ឯកឧត្តម បន្ថែមថា ការបង្កើតសហគមន៍កសិកម្មទំនើប និងការអនុវត្តផលិតកម្មតាមកិច្ចសន្យា នឹងជួយកាត់បន្ថយតម្លៃដើម និងធានាការផ្គត់ផ្គង់ផលិតផលស្របតាមតម្រូវការទីផ្សារ។ ពិសេស ការភ្ជាប់ទំនាក់ទំនងរវាងកសិករនិងសហគ្រាស/ក្រុមហ៊ុនកែច្នៃនាំចេញ ក៏ជាជំហានសំខាន់ក្នុងការរីកចម្រើនវិស័យនេះផងដែរ។

គួរបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម បញ្ហាបណ្តាល និងសំណូមពរពីសំណាក់កសិករ ដើម្បីលើកកម្ពស់ទិន្នផលដំណាំស្វាយចន្ទីឲ្យកាន់តែប្រសើរឡើងនាពេលអនាគត ៕

ដោយ​ ៖ ប៊ុន​រដ្ឋា

ads banner