អាមេរិកវាយប្រហារពីលើអាកាសនៅប្រទេសយ៉េមែន ស្លាប់១២នាក់
បរទេស៖ ក្រុម Huthi នៅប្រទេសយេម៉ែន និយាយថា ការវាយប្រហាររបស់អាមេរិកទៅលើទីក្រុង Sanaa នៃប្រទេសយ៉េមែន បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ចំនួន១២នាក់។
ក្រសួងសុខាភិបាល របស់ពួកឧទ្ទាមហ៊ូធី បាននិយាយ នៅព្រឹកថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសថ្មី របស់សហរដ្ឋអាមេរិក ទៅលើរដ្ឋធានីសាណា របស់យេម៉ែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ និងរបួស ៣០នាក់។
ទីភ្នាក់ងារសារព័ត៌មានរបស់ពួកហ៊ូធី Saba បានដកស្រង់ប្រភពពីក្រសួង ដោយអះអាងថា «អ្នកស្លាប់ និងរបួស កើតមានបណ្តាលមកពីការវាយប្រហារពេញមួយយប់ បង្កឡើងដោយពួកសត្រូវ អាមេរិក នៅលើទីផ្សារ និងតំបន់លំនៅដ្ឋានមួយ នៅក្នុងស្រុក Farwa នៃទីក្រុង Sanaa»។
ប្រភពពី Saba បាននិយាយទៀតថា ការវាយឆ្មក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានកើតមាន កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងខេត្ត Marib ភាគកណ្តាល, Hodeida នៅភាគខាងលិច និងបន្ទាយ Huthi ស្ថិតក្នុងទីក្រុង Saada នាភាគខាងជើង។
យោធាអាមេរិកបាននិងកំពុងធ្វើការវាយប្រហារ ស្ទើរតែរាល់ថ្ងៃ តាំងពីខែមុន ដោយនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើ “ភេរវករហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់” ដើម្បីបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិនៅឈូងសមុទ្រ។
ការវាយប្រហារមួយ កាលពីថ្ងៃព្រហស្បតិ៍ លើកំពង់ផែប្រេង Ras Issa បានសម្លាប់មនុស្សប្រហែល ៨០នាក់ និងរបួស ១៥០នាក់ នេះបើយោងតាមក្រុម Huthi៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
