ប្រជាពលរដ្ឋ ពិសេសយុវវ័យ បានបន្តលេងល្បែងប្រជាប្រិយ៍និងរាំលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street)យ៉ាងច្រើន កាលពីចុងសប្តាហ៍នេះ
(ភ្នំពេញ)៖ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី កន្លងផុតទៅ កាលថ្ងៃសៅរ៍និងថ្ងៃអាទិត្យនេះដែរ មានប្អូនៗយុវវ័យ បានបន្តលេងល្បែងប្រជាប្រិយ៍និងរាំលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street)យ៉ាងច្រើនកកកុញផងដែរ។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។ លោកស្រីបន្តថា៖នៅថ្ងៃអាទិត្យនេះ ម៉ោង៧យប់មាន សម្ដែងល្បុក្កតោ។ ប៉ុន្តែអ្វីដែលជាការកត់សំគាល់ នៅថ្ងៃសៅរ៍នេះដែរ មានបងប្អូនប្រជាពលរដ្ឋ ពិសេសយុវវ័យ នៅតែបន្តលែងល្បែងប្រជាប្រិយ៍របស់យើង ដូចជាលោតកៅស៊ូ លាក់កន្សែងនិងរាំលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street) មុខបរមរាជវាំងដដែល ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ។
គួររំលឹកថា៖ តាមការចង្អុលបង្ហាញពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ពោលគឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ (Walk Street) តែងមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះការលក់ដូរម្ហូបអាហារក៏មានការផ្លាស់ប្តូនិងកើនឡើងផងដែរ។
គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការ២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕






ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ