ប្រមុខរាជរដ្ឋាភិបាល៖ ជំហរនយោបាយកម្ពុជាមិនចោលប្រទេសណាមួយឡើយ ទោះកម្ពុជាជិតស្និទ្ធជាមួយចិន

(កំពត)៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ត្បិត កម្ពុជា រាប់អានជិតស្និទ្ធជាមួយចិន តែគឺជាកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ប៉ុន្តែជំហរគោលនយោបាយរបស់កម្ពុជា គឺមានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដោយផ្អែកទៅលើគោលការណ៍គោរពឯករាជ្យភាពជាតិ អធិបតេយ្យភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ហើយរាជរដ្ឋាភិបាលកម្ពុជាមិនមែនរណបជាមួយប្រទេសណាមួយជាដាច់ខាត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៉ី ជីនពីង នៅកម្ពុជា រយៈពេល២ថ្ងៃ ប្រជាពលរដ្ឋកម្ពុជាគួរតែមានមោទនភាព ពីព្រោះកម្ពុជា ជាប្រទេសតូច ប៉ុន្តែមានទំនាក់ទំនងស្មើមុខ ស្មើមាត់ជាមួយប្រទេសមហាអំណាច និងគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ខណៈថ្មីៗនេះ កម្ពុជា ជាប្រទេសមួយក្នុងចំនួន៣ នៅអាស៉ីអាគ្នេយ៍ ដែលប្រធានាធិបតីចិន បានមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា៖ សួរថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ខុសអី? នៅពេលដែលកម្ពុជា មិនបានប្រកាន់ជំហរយកប្រទេសណាមួយផ្តាច់ចោលប្រទេសណាមួយចោលនោះទេ គឺយើងមានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក នេះជាជំហរនយោបាយរបស់យើង (កម្ពុជា) ផ្អែកទៅលើគោលការណ៍គោរពឯករាជ្យភាព អធិបតេយ្យភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ នេះជាអ្វីដែលកម្ពុជាធ្វើ ហើយខ្ញុំសូមបញ្ជាក់ យើងមិនមែនរណបអ្នកណាគេនោះទេ ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមថា ចំណុចនេះ គឺជាការបញ្ជូនសារនយោបាយមួយទៅកាន់ជនរួមជាតិកម្ពុជាទាំងអស់ ឱ្យបានយល់ពីជំហរនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ តាមរយៈការលើកឡើងផ្ទុយស្រឡះខុសពីការពិតពីសំណាក់បុគ្គលមួយចំនួនតូច ជុំវិញដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន មកកាន់កម្ពុជា ពោល ដំណើរទស្សនកិច្ចនេះ គឺជាសារបញ្ជាក់យ៉ាងច្បាស់នូវទំនាក់ទំនងរវាងកម្ពុជា និងចិន ខណៈអ្នកវិភាគថា ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន មានឱនភាពនោះ ល្មមនឹងបញ្ចប់ហើយ ។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចធិបតី ក៏បានពន្យល់ដែរថា ពីសីលធម៌អ្នកនយោបាយមិនត្រូវយកគំនុំផ្ទាល់ខ្លួន វាយប្រហារទៅដល់គ្រួសារដៃគូបដិបក្ខនោះទេ ត្រូវទទួលស្គាល់ពីភាពខុសគ្នានៃទស្សនៈនយោបាយ មិនត្រូវមើលងាយការងាររបស់របស់ដៃគូរ និងមិនត្រូវកេងចំណេញនយោបាយពេលគេមានទុក្ខ ឬប្រជាជនមានទុក្ខទេ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា គ្មានអ្វីកើតឡើងដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ ផ្ទុយទៅវិញកម្ពុជា-ចិន បានឯកភាពក្នុងទៅលើការគោរពអធិបតេយ្យភាព និងឯកភាពរបស់គ្នាទៅវិញទៅមក ហើយកម្ពុជា ធានានូវភាពជាម្ចាស់ការក្នុងការកំណត់ទិសដៅទាំងក្នុងប្រទេស និងអន្តរជាតិដោយខ្លួនឯង ៕

ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner