គ្រាប់ស្វាយចន្ទីសើមនៅដើមរដូវប្រមូលផលមានតម្លៃ ៦៥០០រៀល ហើយបច្ចុប្បន្នមានតម្លៃពី ៤៨០០-៥២០០រៀលក្នុងមួយគីឡូក្រាមដែលជាតម្លៃមួយល្អ
(ភ្នំពេញ)៖ នៅឆ្នាំនេះ គ្រាប់ស្វាយចន្ទីសើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦៥០០រៀល ហើយបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី ៤៨០០-៥២០០រៀលក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និងគុណភាពគ្រាប់ បើប្រៀបធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាងគេ ដោយសារមានទីផ្សារល្អ បើទោះបីក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ការទិញលក់នៅតែដំណើការដូចធម្មតា ពុំមានបញ្ហានោះឡើយ។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
លើកឡើងក្នុងពេលដឹកនាំក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះពិនិត្យនិងវាយតម្លៃពីការប្រមូលផលគ្រាប់ស្វាយចន្ទីនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីមួយចំនួនក្នុងខេត្តកំពង់ធំនាថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា សហគមន៍កសិកម្មទំនើបស្វាយចន្ទីដែលក្រុមការងារចុះពិនិត្យ និង វាយតម្លៃ រួមមាន សហគមន៍កសិកម្មទំនើបស្វាយចន្ទីសាលាវិស័យ ស្រុកប្រាសាទបាល័ង សហគមន៍កសិកម្មទំនើបសំបូររុងរឿង និងសហគមន៍កសិកម្មទំនើបទំរីង ស្រុកសណ្តាន់ ព្រមទាំងជួបកសិករនៅតាមចម្ការមួយចំនួនដែលកំពុងមមាញឹកប្រមូលផលដំណាំស្វាយចន្ទី និងអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំថែមទៀតផង។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងទៀតថា ការប្រមូលផលគ្រាប់ស្វាយចន្ទីនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង៣ខាងលើ បានប្រមាណជាង៥៥ភាគរយ ហើយអាចបញ្ចប់ការប្រមូលផលនៅចុងខែឧសភា។ ជាមួយគ្នានេះ បើទោះបីមានបញ្ហាអាកាសត្រជាក់អូសបន្លាយយូរមែន តែគ្រាប់ស្វាយចន្ទីនៅតែមានគុណភាពល្អ ក្នុង១គីឡូក្រាម ចន្លោះពី៩៥ ទៅ ១០០គ្រាប់ ជាទូទៅ ១គីឡូក្រាម មានចំនួនចន្លោះពី១១០ ទៅ ១២០គ្រាប់។ ដោយឡែក ចំពោះបញ្ហាប្រឈម ដោយសារតែមានភ្លៀងកក់ខែច្រើននៅក្នុងខែចេត្រ ធ្វើឱ្យប៉ះពាល់ និងខូចជ្រុះក្តឹបនិងផ្កាចន្ទីដែលទើបនឹងចេញវគ្គចុងក្រោយនេះ (ប្រភេទពូជ M23)។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា តាមការវាយតម្លៃនៅតាមតំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យទិន្នផលអាចថយចុះ។ ដោយឡែក នៅតំបន់ដែលមានភ្លៀងតិចតួច ទិន្នផលអាចកើនឡើង ហើយការប្រមូលផលឆ្នាំនេះ អាចបញ្ចប់យឺតជាងឆ្នាំកន្លងមក ប៉ុន្តែក្រុមការងារនឹងបន្តតាមដានទៀត៕






ដោយ ៖ ម៉ាដេប៉ូ