សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា រាប់ប្រទេសទាំងអស់ជាមិត្ត ដើម្បីតែសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន
(កំពត)៖ កម្ពុជា ប្រកាន់ជំហរអព្យាក្រឹត្យភាព មិនចូលបក្សសម្ព័ន្ធ គឺកម្ពុជា រាប់ប្រទេសទាំងអស់ជាមិត្ត មិនថាស្ពៃ មិនថាសាច់គោ គឺយកទាំងអស់ ដើម្បីតែសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូច្នេះនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ។
ការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងការលើកឡើងកាលពីអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង នៅថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ថា មេដឹកនាំចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយសារ ចិនកំពុងមានបញ្ហារឿងភារស៊ីពន្ធដារជាមួយសហរដ្ឋអាមេរិក ហើយចោទថាកម្ពុជាកំពុងតែយកស្ពៃទៅវិញ ។
សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញពីការហួសចិត្តចំពោះការលើកឡើងនេះ ដោយថា៖ ខ្ញុំឆ្ងល់ថាម៉េចបានគេមិនចូលចិត្តស្ពៃ? គេថាយកអាមេរិកយកសាច់គោ យកចិនយកស្ពៃ..ខ្ញុំឃើញមានអ្នកគាំទ្រទាំងសងខាង អ្នកខ្លះថាសាច់គោឆ្ងាញ់ តែជាតិខ្លាញ់សុទ្ធ ប្រយ័ត្នលើសខ្លាញ់.. ស្ពៃជាបន្លែសុខភាពល្អរស់យូរ។ ហើយបើសួរថាកម្ពុជារើសអ្វី ស្ពៃ ឬ(សាច់)? គឺយើងរើសទាំងពីរ ។
សម្ដេចធិបតី បានបន្តថា គ្មាននរណាមកភ្ជង់យើង បង្ខំយើងឱ្យយកសាច់ ឬបន្លែនោះទេ កម្ពុជា រើសទាំងពីរព្រោះកម្ពុជា គិតគូរពីសុខភាព មានន័យថា កម្ពុជា គិតគូរពីសេដ្ឋកិច្ច ជីវភាពរបស់ប្រជាជនយើង ហើយនរណារើសសាច់គោ នរណារើសស្ពៃក៏រើសទៅ តែសូមកុំភ្លេចថា ទាំងគោ ទាំងស្ពៃ គឺពឹងគ្នាទៅវិញទៅមក ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា មានឯករាជ្យភាព អធិបតេយ្យភាពក្នុងការសម្រេចចិត្តផ្ទាល់ខ្លួន ដោយមិនអាចមានប្រទេសណាមកដាក់សម្ពាធលើយើងបានទេ គ្មានគោគ្មានស្ពៃទេ គឺយើងយកទាំងអស់ដើម្បីខ្លួនយើងរឹងមាំ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ ហើយនេះជាអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរច្បាស់លាស់ ។
សម្តេច ថា កម្ពុជា មានអព្យាក្រឹត្យភាព មិនចូលបក្សសម្ព័ន្ធ មិនចូលជាមួយប្រទេសណាប្រឆាំងប្រទេសណានោះទេ គឺកម្ពុជារាប់ប្រទេសទាំងអស់ជាមិត្ត ខណៈដែលអ្នកនយោបាយខ្លះមិនទាន់បានឡើងកាន់ដំណែងផង តែជ្រើសមួយបាត់ទៅហើយ ៕




ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ