លោកជំទាវនាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងសប្ដាហ៍នេះ
ភ្នំពេញ៖លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត នាយករដ្ឋមន្ត្រីថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃពីថ្ងៃពុធទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ហើយក៏នឹងមានការចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ មួយចំនួនផងដែរ។ទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្រ្តីថៃក្នុងសប្ដាហ៍នេះ ស្របពេលប្រទេសទាំងពីរប្រារព្ធខួបទី៧៥នៃទំនាក់ទំនងការទូត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២១ ខែមេសានេះបានឱ្យដឹងថាតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា។
ក្នុងឱកាសនេះលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកជំទាវនាយករដ្ឋមន្ត្រីនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
ប្រភពដដែលគូសរំលេចថា លោកជំទាវនាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ មួយចំនួនផងដែរ។
កត់សម្គាល់ក្នុងសេចក្តីប្រកាសព័ត៌មាន ទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលព្រះរាជាណាចក្រទាំងពីរប្រារព្ធខួបទី៧៥នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ ។
គួររំលឹកថា ក្នុងខែមករាដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃសម្រេចបានទឹកប្រាក់ជាង ៣៧០ លានដុល្លារអាមេរិក ដោយកើនឡើងជាង ៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានចំនួន ១៥ ពាន់លានដុល្លារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ។ចំណែកថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ។
ជីវប្រវត្តិលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត ៖
លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត បានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។
ជានាយករដ្ឋមន្រ្តីក្មេងជាងគេនៅក្នុងប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន លោកជំទាវបានកើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦ នាទីក្រុងបាងកកប្រទេសថៃ។ ស្វាមីលោកជំទាវឈ្មោះ ភីដក សុខសុវត្ថិ ដោយមានបុត្រាបុត្រីពីរនាក់។
លោកជំទាវការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិ សាកល វិទ្យាល័យសូរ៉េនៅទីក្រុងរ៉េប្រ៊ីចនៃចក្រភពអង់គ្លេស,មហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ ជូឡា ឡុងកន ទីក្រុងបាងកក។ពីឆ្នាំ
២០២៤ – បច្ចុប្បន្ននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ។ពីឆ្នាំ២០២៣ – បច្ចុប្បន្ន ជាប្រធានគណបក្សភឿថៃ។
ពីឆ្នាំ២០២៣ – ២០២៤ ជាអនុប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រអំណាចទន់,អនុប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលជាតិ ។ពីឆ្នាំ២០២២-បច្ចុប្បន្ន ជាប្រធានគណៈកម្មាធិការបរិយាបន្ន និងនវានុវត្តន៍នៃគណបក្សភឿថៃ ,អ្នកដឹកនាំគម្រោងក្របគ្រួភឿថៃ។ពីឆ្នាំ២០១៦-២០២៤ គណៈកម្មាធិការក្រុមហ៊ុនគ្រប់គ្រង និងប្រឹក្សា អូអោយ ខូអិលធីឌី គណៈកម្មាធិការអាល់ភីនហ្គាឌិនឌីស្សាញ ខូអិលធីឌី គណៈកម្មាធិការក្រុមហ៊ុនអាល់ភីនហ្គូហ្វអែនល្អពក្លឹប ខូអិលធីឌី ។ពីឆ្នាំ២០១៣-២០២៤៣ គណៈកម្មាធិការក្រុមហ៊ុន ថាម៉ស វ៉លឡ ខាវ យ៉ៃ ។ពីឆ្នាំ២០១២-២០២៤គណៈកម្មាធិការក្រុមហ៊ុន រេនដ៍ ឌីវេឡុបមិន និងពីឆ្នាំ២០១១-២០២៤គណៈកម្មាធិការសណ្ឋាគារ រេនដ៍ ផ្លូអេនឈីត៕


ដោយ៖មុនី